ដំណឹងល្អ! រាជរដ្ឋាភិបាល ឧបត្ថម្ភប្រាក់ជូនមន្ត្រីរាជការ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

រាជរដ្ឋាភិបាល សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្ដល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ដ្រីនៃការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិក អណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃកងយោធពល ខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។
ចំពោះគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្ដល់សម្រាប់ម្នាក់ៗ ឬមួយគ្រួសារតែមួយកន្លែងនិងមួយលើកប៉ុណ្ណោះ ៕


