ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    CAMSOC បន្តរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា

    BY Khmernote Media April 1, 2023
    CAMSOC  បន្តរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

    ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សូមជូនដំណឹងដល់គ្រប់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិទាំងអស់ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច ដូចតទៅ៖

    ១.អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសទាំងអស់អាចចូលរួមទស្សនាដោយសេរី និងទទួលសំបុត្រ ដោយមិនគិតថ្លៃក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់វិញ្ញាសាកីឡាទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។ ចំពោះប្រជាពលរដ្ឋខ្មែរ និងបរទេសទាំងឡាយណា ដែលបានចំណាយថវិកាកន្លងមកលើការទិញសំបុត្រចូលទស្សនា នឹងត្រូវទទួលបានថវិកាសងត្រលប់វិញ។

    ២.លុបចោលការបង់ថ្លៃលើការស្នើសុំសិទ្ធផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជាទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស នានាលើពិភពលោក ដោយត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើក កម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

    អគ្គលេខាធិការដ្ឋាន គ្រប់គណៈកម្មការជំនាញ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សហព័ន្ធកីឡាជាតិ ត្រូវអនុវត្តតាមសេចក្តីជូន ដំណឹងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕​

    ប្រភព៖ Cambodia 2023

    Share This Post: