ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ ការមិនលក់សំបុត្រ និងមិនលក់សិទ្ធិនៃការផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ការនៃប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម គឺចង់ឱ្យពិភពលោកស្គាល់កម្ពុជា

    BY Khmernote Media April 4, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ ការមិនលក់សំបុត្រ និងមិនលក់សិទ្ធិនៃការផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ការនៃប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម គឺចង់ឱ្យពិភពលោកស្គាល់កម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ការមិនលក់សំបុត្រ និងមិនលក់សិទ្ធិនៃការផ្សព្វផ្សាយ ក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺតម្រូវការចង់ឱ្យពិភពលោកស្គាល់កម្ពុជា។

    ក្នុងពិធីសំណោះសំណាល និងទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ដែលមានអ្នកចូលរួមជាង ៤ ០០០ នាក់ នាល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម ទាំងពេលបើក និងពេលបិទ មិនត្រូវទទួលការបង់ថ្លៃណាមួយនោះទេ។ ក៏ប៉ុន្តែយើងត្រូវតែមានការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ។ សំបុត្រចូលទស្សនាត្រូវតែមាន ប៉ុន្តែសំបុត្រនោះមិនត្រូវបង់ថ្លៃទេ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

    សម្ដេចតេជោលើកឡើងថា ហេតុផលអ្វីដែលត្រូវមានសំបុត្រ យើងត្រូវដឹងថាពហុកីឡដ្ឋានសម្រាប់ការប្រកួត ទាំងពិធីបើក និងពិធីបិទ គឺវាមានទំហំធំណាស់។ ប្រសិនប្រជាជនដែលចូលទៅទស្សនា មិនបានដឹងថាទីតាំងដែលខ្លួនត្រូវអង្គុយនៅទីណា កៅអីលេខប៉ុន្មាន នៅតំបន់ណា ត្រូវចូលតាមច្រកទ្វារណា វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់ ព្រោះមនុស្សទាំងអស់នឹងទៅកាន់ទីកន្លែងតែមួយ។

    សម្ដេចតេជោបន្តថា គ្រប់សហព័ន្ធកីឡាទាំងអស់ក៏មិនត្រូវទទួលការបង់ថ្លៃ ក៏ប៉ុន្តែយើងពិតជាមានកន្លែងដែមានកំណត់ មិនអាចមកក្នុងពេលតែមួយ ទៅកាន់ទីកន្លែងដែលលើសចំណុះ នៃការដែលត្រូវផ្ទុកនោះទេ។ ដូច្នេះហើយបានជាសម្ដេចត្រូវតែបញ្ជាក់ឱ្យច្បាស់ពីបញ្ហានេះ។

    សម្ដេចតេជោគូសបញ្ជាក់ថា៖ « ការផ្សព្វផ្សាយទៀតសោត ក៏មិនតម្រូវឱ្យមានការបង់ថ្លៃនោះទេ។ យើងមិនមែនត្រូវការប្រាក់កាស ដែលចេញមកពីការប្រមូលនៃការលក់សំបុត្រ ឬក៏ការផ្សព្វផ្សាយណាមួយពីកម្ពុជាទេ។ តម្រូវការចាំបាច់របស់យើងនាពេលនេះ មិនមែនប្រាក់ដែលបានមកពីការលើកសំបុត្រ ឬលក់សិទ្ធិនៃការផ្សព្វផ្សាយទេ តម្រូវការចង់ឱ្យពិភពលោកស្គាល់កម្ពុជាតែម្ដង»។

    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដាក់ចេញ នូវបទបញ្ជា និងគោលការណ៍សំខាន់ៗមួយចំនួន សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ រួមមាន៖

    ១. ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសុខដុមរមនាការងារ ក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ជាពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ ដឹកនាំនិងអនុវត្តឱ្យមានប្រសិទ្ធភាព។

    ២. រដ្ឋបាលរាជធានី ខេត្ត ទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថាន ចាប់ពីពេលនេះតទៅ។

    ៣. ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការ និងទទួលសំណូមពរចាំបាច់ពីនានា របស់គណៈកម្មការរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យទទួលបានជោគជ័យ។

    ៤. សូមសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រ ចុះជួយជំរុញលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនី ក្នុងដំណាក់កាលចុងក្រោយ នៃការប្រកួតដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្ត ដល់កីឡាករ កីឡាការិនី។

    ៥. ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងអំឡុពេលនៃព្រឹត្តិការណ៍នៃការប្រកួត សូមលើកទឹកចិត្តឱ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ។

    សម្ដេចតេជោមានប្រសាសន៍បន្ថែមថា សម្ដេចនឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទកភាពជាតិ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់បំពេញការងារ ដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កម្ពុជាឆ្នាំ២០២៣ ទទួលបានជោគជ័យដ៏ធំធេង និងធានាឱ្យក្រុមជម្រើសជាតិកម្ពុជា សម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: