ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុង ឬរថយន្តរួមដើម្បីកាត់បន្ថយការកកស្ទះក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

    BY Khmernote Media April 4, 2023
    សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុង ឬរថយន្តរួមដើម្បីកាត់បន្ថយការកកស្ទះក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម កាត់បន្ថយការធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន មកប្រើរថយន្តក្រុង ឬ រថយន្តរួមគ្នាដើម្បី កាត់បន្ថយការកក់ស្ទះសម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡានិងភ្ញៀវអន្តរជាតិ។

    ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤ ២៦៤ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាយោងតាមរបាយការណ៍កីឡាករ កីឡាការិនី មកពីគ្រប់ប្រទេសមានរហូតដល់ជាង ១២ ០០០ នាក់ ឯណោះ។ ដូច្នេះគ្រាន់តែការធ្វើ ដំណើរមធ្យោបាយធ្វើដំណើរនិងការស្នាក់នៅវាមិនមែនជាការងាយស្រួលទេនេះអាចនិយាយបានថាជាការទទួលភ្ញៀវទ្រង់ទ្រាយធំដែលយើងមិនធ្លាប់មានពីមុនមក។

    សម្តេចតេជោថ្លែងបញ្ជាក់ថា៖ “យើងត្រូវរក្សានូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរនានារបស់កីឡាករមកពីបណ្ដាប្រទេសផ្សេងៗរាប់ទាំងកីឡាករក្នុងប្រទេសយើងផងដែរ”។

    សម្តេចតេជោនាយករដ្ឋមន្រ្តីគូសបញ្ជាក់បន្ថែមថា៖ “ខ្ញុំស្នើឱ្យមានការយោគយល់ពីប្រជាជននៅក្នុងរាជធានីភ្នំពេញនៅពេលមានការកកស្ទះក្នុងការដឹកជញ្ជូនកីឡាករពីកន្លែងប្រកួតទៅកន្លែងស្នាក់នៅពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត។ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះបញ្ហានេះដែលយើងធ្វើជាម្ចាស់ផ្ទះយើងត្រូវមានការទទួលខុសត្រូវមួយដើម្បីធានានៅកម្មវិធីប្រកួតនិងធានាដល់សុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនីដែលមានទៅដល់ជាង ១២ ០០០ នាក់” ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: