ក្រសួងកសិកម្ម ចេញសេចក្ដីប្រកាសព័ត៌មានរួមកម្ពុជា និង អូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស៧០
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រិក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានរួមកម្ពុជា និង អូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស៧០។

ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស កសិករ ចំនួន៨០កន្លែង ។ ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា “វ.ស.អ.ក.ក- និងរដ្ឋាភិបាលអូស្ត្រាលី។ ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយ នឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។
ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយមានការចូលរួមពីកសិករប្រមាណជា ៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្ត្រី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើសនិងដាក់ជូនគណៈកម្មការ បញ្ចេញពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្ងៃនេះ ឯកឧត្តម Justin Wlyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ វ.ស.អ.ក.ក។ ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់ នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំ ឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។ សូមអានប្រកាសព័ត៌មានល្អិតរបស់ ក្រសួងកសិកម្ម ដូចខាងក្រោម៖

