ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសការងារ ១៤៤កន្លែង នៅថ្ងៃស្អែកនេះក្នុងកិច្ចសម្ភាសសម្រាប់ផ្តល់ជូនយុវជនសិស្ស-និស្សិត និងអ្នកស្វែងរកការងារ

    BY Khmernote Media April 5, 2023
    ឱកាសការងារ ១៤៤កន្លែង នៅថ្ងៃស្អែកនេះក្នុងកិច្ចសម្ភាសសម្រាប់ផ្តល់ជូនយុវជនសិស្ស-និស្សិត និងអ្នកស្វែងរកការងារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងាររយៈពេល១ថ្ងៃពេញ ដោយមានក្រុមហ៊ុនធំៗចំនួន ៤ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ១៤៤ កន្លែងសម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ក្រុមហ៊ុនធំៗទាំង៤ ដែលចូលរួមនោះមាន៖ ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុន IDD ក្រុមហ៊ុនទូរស័ព្ទចល័ត CELLCARD និង ក្រុមហ៊ុន JACCS ផងដែរ។ សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ និងកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ។

    កិច្ចសម្ភាសការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

    ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: