សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ៖ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស នារសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ» នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព» បានពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ច ប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ក៏បានពិភាក្សា អំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនា ពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។
កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ បានប្រព្រឹត្តទៅចំនួនបីលើករួចមកហើយ ដែលលើកទីមួយ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួហ៊ីន ប្រទេសថៃ ក្រោមមូលបទ «ការបំពេញតាមតម្រូវការ ដោយរក្សាបាននូវតុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព»។ កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ «សន្តិសុខទឹក ស្បៀងអាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»៕

ប្រភព៖ ក្រសួងព័ត៌មាន