ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ស្នើក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធគិតគូរពីគោលនយោបាយសម្រាប់កីឡាករ ដែលត្រូវរងពិការភាពដោយសារការប្រកួត

    BY Khmernote Media April 6, 2023
    សម្តេចតេជោ ស្នើក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធគិតគូរពីគោលនយោបាយសម្រាប់កីឡាករ ដែលត្រូវរងពិការភាពដោយសារការប្រកួត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណ ៤២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

    ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គិតគូរពីគោលនយោបាយ សម្រាប់កីឡាករ កីឡាការិនី ដែលត្រូវរងពិការភាព ដោយសារការប្រកួត ដើម្បីជួយដល់ពួកគេ ឱ្យដូចជាកងទ័ពផងដែរ ពីព្រោះកីឡាករ កីឡាការិនី បានលះបង់គ្រប់យ៉ាង កម្លាំងកាយ កម្លាំងចិត្ត ចូលរួមប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិដូចគ្នា។

    ប្រមុខដឹកនាំប្រទេស សម្តេចតេជោ បានថ្លែងបែបនេះថា៖ «ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នា និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការរួមគ្នា ដើម្បីពិនិត្យ អំពីលក្ខខណ្ឌខ្លះ ទាក់ទងទៅនឹងកីឡាខ្លះ ដែលពេលប្រកួត ហើយត្រូវរបួសក្លាយខ្លួនជាជនពិការ។ តើពួកគេ នឹងត្រូវទទួលផលយ៉ាងណា?»

    «កងទ័ពរបស់យើង នគរបាលរបស់យើង នៅពេលដែលមានប្រតិបត្តិការ ហើយពលី ឬក៏របួសពិការ សុទ្ធតែត្រូវមានប្រាក់របប ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនី នៅពេលដែលពួកគេ ចូលរួមប្រកួត ដើម្បីតំណាងឱ្យកិត្តិយសជាតិ ឬក៏ប្រកួតនៅក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់យើង នៅពេលដែលមានរបួសពិការ តើយើងត្រូវរៀបចំគោលនយោបាយរបស់ពួកគេយ៉ាងណា? នេះជាការបញ្ជាក់បន្ថែម ដើម្បីភាពជឿជាក់របស់កីឡាករ កីឡាការិនីយើង ក្នុងការឈានឡើងទៅរកភាពខ្លាំងរបស់ខ្លួន ក្នុងក្របខ័ណ្ឌជាតិរបស់យើង»។ សម្តេច ហ៊ុន សែន បានបញ្ជាក់។

    ជាមួយគ្នានេះ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្រ្តនេះ កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣នេះ សម្រាប់ជាឆ្នាំទទួលធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជា អាចរៀបចំស៊ីហ្គេម គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិ ជាលើកដំបូង នៅកម្ពុជា គឺព្រឹត្តិការណ៍កីឡា GANEFO ។

    ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏ស្នើសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ នៅពេលជួបការរំខាន ឬស្ទះលើការធ្វើចរាចរណ៍ ពេលដឹកកីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ខណៈព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

    ប្រភព៖ Cambodia 2023

    Share This Post: