កៀកចូលឆ្នាំថ្មី! ប្រជាពលរដ្ឋដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់មកស្រុកកំណើតវិញ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃខាងមុខ។

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ នឹងចូលមកដល់ ជាមួយនេះបានកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលបានទៅបំពេញការងារនៅព្រះរាជាណាចក្រថៃ បានអញ្ជើញ វិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមរបាយការណ៍ពីចំណុចព្រំដែននៃភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៣៣នាក់ ស្រី១៣៤នាក់ ក្មេង៥នាក់ បានអញ្ជើញចាកចេញ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយដែលចំនួននេះនឹងកើនឡើងជាបន្ត បន្ទាប់ នៅតាមចំណុចព្រំដែនជាប់នឹងប្រទេសថៃ។
ពិនិត្យលើទិដ្ឋភាពនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មន្រ្តីនគរបាលនៅមូលដ្ឋានទាំងនគរបាលវរសេនាតូចការពារព្រំដែនគោក និងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ត្រូវសហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ នៅភូមិសាស្រ្តទទួលខុសត្រូវ រៀបចំការទទួលពួកគាត់ឱ្យបានត្រឹមត្រូវស្របតាមជំនាញនិងការណែនាំដែលបានអនុវត្តនាពេលកន្លងមកហើយជាមួយនេះត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់ ក្នុងការមកដល់និងវិលត្រឡប់ទៅកាន់ លំនៅដ្ឋាន ស្រុកកំណើតរបស់គាត់បានប្រកបដោយសុខសុវត្ថិភាព ៕














ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង