ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ រស់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីយប់មិញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយនគរបាលពន្លត់អគ្គិភ័យ សង្កាត់ភ្នំពេញថ្មី បន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សូមជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ១២០០មម ទៅទំហំ៤០០មម និង ទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៦០០R និងផ្លូវលេខ១៨KH ចាប់ពីផ្លូវលេខ៥១៦ រហូតដល់ផ្លូវលេខ៥៥P ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ គ្រោងបញ្ចូនសម្ពាធទឹកមកពីរោងចក្រ ផលិតទឹកស្អាតបាក់ខែង ទំហំ៤០០មម និងទំហំ៦០០មម ដើម្បីបង្កើនសម្ពាធទឹក។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា ០៨ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទី ទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការកាត់តភ្ជាប់បំពង់មេនេះរួច៕



