ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ណែនាំឱ្យពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន

    BY Khmernote Media April 7, 2023
    ក្រសួងអប់រំ  ណែនាំឱ្យពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន។

    ភាសាខ្មែរ ជាភាសាជាតិ និងជាភាសាផ្លូវការ ដែលឆ្លុះបញ្ចាំងនូវអត្តសញ្ញាណ វប្បធម៌ អរិយធម៌ខ្មែរ។ ការប្រើប្រាស់ភាសាខ្មែរត្រឹមត្រូវ ជាការរួមចំណែកដ៏ធំ ក្នុងកិច្ចការថែរក្សាអត្តសញ្ញាណជាតិ និងលើកកម្ពស់ តម្លៃវប្បធម៌ អរិយធម៌ នៃប្រជាជាតិខ្មែរ។

    ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មុខវិជ្ជ ភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ចសម្រាប់សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ។ រីឯការអប់រំវប្បធម៌ អរិយធម៌ ខ្មែរ ក៏ត្រូវបានបញ្ជ្រាបក្នុងម៉ោងសិក្សាមុខវិជ្ជាភាសាខ្មែរ សិក្សាសង្គម និងមុខវិជ្ជាដទៃទៀតផងដែរ។

    ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបឋមសិក្សា ឯកជន លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល ដូចខាងក្រោម៖

    ១- គោលបំណងនៃការសិក្សាភាសាខ្មែរ

    ការបង្រៀនមុខវិជ្ជាភាសាខ្មែរនៅកម្រិតបឋមសិក្សា មានគោលបំណងបណ្ដុះ និងអភិវឌ្ឍនូវបំណិន មូលដ្ឋានរបស់សិស្សានុសិស្សដូចជា៖
    – និយាយភាសាខ្មែរ និងប្រើប្រាស់ពាក្យ រាជសព្ទ និងសង្ឃសព្ទ បានត្រឹមត្រូវតាមបរិបទ
    – ស្តាប់ភាសាខ្មែរ និងយល់ច្បាស់ពីអ្វីខ្លឹមសារ និងបកស្រាយបានត្រឹមត្រូវ
    – អានអក្សរខ្មែរ ពាក្យ ឃ្លា ល្បះ អត្ថបទ…បានស្ទាត់ជំនាញ និងយល់ពីគំនិតសំខាន់ៗ គំនិតសំខាន់ បង្កប់ អត្ថន័យខ្លឹមសារ ឬអត្ថបទបានច្បាស់លាស់
    – សរសេរអក្សរខ្មែរបានត្រឹមត្រូវតាមក្បួនខ្នាត តាមចលនា អក្ខរាវិរុទ្ធ ស្អាត និងមានរបៀបរៀបរយ
    – ផ្តល់ឱ្យសិស្សនូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា សម្រាប់ប្រាស្រ័យទាក់ទងគ្នាក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ដូចមានចែងក្នុងក្របខណ្ឌកម្មវិធីសិក្សា
    -បណ្តុះទម្លាប់សិស្សឱ្យចូលចិត្តប្រើប្រាស់ភាសាខ្មែរក្នុងការធ្វើទំនាក់ទំនងក្នុងគ្រួសារ និងសង្គម ៕

    សូមអានសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖

    Share This Post: