សត្វសុនខ ៤ក្បាល មានសភាពស្គមរីងរៃ ដែលគេទុកចោលនៅរីស៊តចាស់មួយកន្លែង ត្រូវបានឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារចេញទៅជួយសង្គ្រោះ
ក្រុងកោះរ៉ុង៖ យោងតាមការបញ្ជាក់ពី ឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនអូប័រល្បឿនលឿន ក្រុមហ៊ុន GTVC រួមទាំងអាហារ និងក្រុមជំនាញសង្គ្រោះសត្វឆ្កែ ចេញទៅកោះដំឡូង ដែលនៅក្បែរកោះតាង ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលមានចំងាយជាង៥០គីឡូ ពីក្រុងព្រះសីហនុ ដើម្បីទៅជួយសង្គ្រោះសត្វឆ្កែចំនួន ៤ក្បាល ដែលត្រូវបានគេទុកចោល មានសភាពស្គមរីងរៃ អត់អាហារ នៅរីស៊តចាស់ ដែលគេទុកចោលមួយកន្លែង នៅឯកោះដំឡូង។

បន្ទាប់ពីឧកញ៉ា ទៀ វិចិត្រ បានទទួលព័ត៌មាននេះ ពីបណ្តាញសង្គម លោកឧកញ៉ា មានប្រសាសន៍ថា បច្ចុប្បន្ន សត្វឆ្កែ ទាំង៤ក្បាលនេះ ត្រូវបានក្រុមជំនាញសង្គ្រោះសត្វឆ្កែ របស់លោកឧកញ៉ា ប្រើបច្ចេកទេសយកបានហើយ នឹងនាំយកចេញពីកោះនេះ ដើម្បីទៅកន្លែងដែលលោកឧកញ៉ា បានរៀបចំឲ្យ ថែមទាំងមានក្រុមការងារមើលថែរក្សា និងចិញ្ចឹមឲ្យចំណី បានយ៉ាងល្អបំផុត៕


















ប្រភព៖ Huy Bunleng News