បេះដូងក្រដាស បានបញ្ចេញសម្រស់ចែងចាំងនៅលើទឹកដីអង្គរ ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក ពេលនេះ បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឃើញ។ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀម បំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ។

ក្រោយការៀបចំរចនា ជាសួនបេះដូងយ៉ាងស្រស់ស្អាត បេះដូងក្រដាស ដែលមានពណ៌ចម្រុះ មានលឿង ក្រហម និងខៀវកាន់តែបង្កើនភាពស្រស់ស្អាតឱ្យប្រាសាទអង្គរវត្ត ដែលជាទីតាំងកន្លែងបុរាណដ្ឋានដ៏ពិសិដ្ឋរបស់កម្ពុជា។ខណៈនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីបានចូលមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសួនបេះដូង ដែលត្រៀមនឹងបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។
យុវតីឈឹម សុផល អាយុ១៧ឆ្នាំ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀម រាបបានឱ្យដឹងថា នេះជាលើកទី មួយហើយ ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យបេះដូងក្រដាស រួមគ្នាបត់ដោយដៃ របស់បងប្អូនជនរួមជាតិកម្ពុជា មានចំនួនយ៉ាង ច្រើន ហើយបានយកមករៀបចំរចនាជាសួនបេះដូងក្រដាស យ៉ាងស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរ។ យុវជនរូបនេះបញ្ជាក់ សកម្មភាពនេះ ជាមោទកភាពមួយក្នុងនាមប្រជាជនកម្ពុជា ដែលបានរួបរួមសាមគ្គីគ្នា បត់រូបបេះដូងបានច្រើនសន្ធឹកសន្ធាប់បែបនេះ។
ខ្ញុំមានអារម្មណ៍រំភើប ព្រោះអីវាជាលើកទីមួយ ដែលបាន ឃើញនិងមានមោទកភាពខ្លាំងណាស់ដែរចំពោះខ្មែរយើង មានអារម្មណ៍សប្បាយនិងអស្ចារ្យខ្លាំងតែម្តង។
ចំណែអ្នកស្រី ជីប ចាន់ត្រា ប្រជា ពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះ បានលើកឡើងថា បេះដូងក្រដាសដែលបានបញ្ចេញសម្រស់នៅប្រាសាទអង្គរវត្តនេះ មិនត្រឹមតែបង្ហាញភាពស្រស់ស្អាតនៃបេះដូងក្រដាសប៉ុណ្ណោះទេ។ តែបេះដូងទាំងនេះបង្ហាញអំពីសាមគ្គីភាព ការតស៊ូជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានឆន្ទៈខ្ពស់ អាចរួមគ្នាបត់បេះដូងបានយ៉ាង ច្រើន។ ទោះបីមិនទាន់ប្រាកដថា បេះដូងទំាងនេះមានចំនួនប៉ុន្មានក៏ដោយ តែអ្នកស្រី ជឿជាក់ថា បេះដូងដែលបានបត់នេះពិតជាអាចបំបែកកំណត់ត្រាពិភពលោកបាន។
និយាយទៅពិតជាមានមោទកភាពខ្លាំងណាស់បង ព្រោះនេះជាសារមួយបង្ហាញទៅដល់ពិភពលោកថាខ្មែរយើងខ្លាំង ហើយខ្មែរយើងមានការសាមគ្គីគ្នាខ្លាំងមែនទែន ព្រោះបត់បេះដូងហ្នឹងយើងមិនមែនប្រើតែដៃទេ គឺយើងប្រើទឹកចិត្ត និងបេះដូងស្រឡាញ់និងតស៊ូជាមួយគ្នា អ៊ីចឹងជាការបង្ហាញឱ្យពិភពលោកថា ប្រទេសរបស់យើងមានការសាមគ្គីគ្នា ហើយស្រឡាញ់គ្នាបេះដូងតែមួយ និយាយទៅគឺខ្ញុំសង្ឃឹមមួយរយភាគរយតែម្តង ព្រោះខ្ញុំឃើញទិដ្ឋភាពផ្ទាល់ ខ្ញុំគិតថាមួយរយភាគរយគឺច្បាស់ជាជាប់ ព្រោះអីទាំងស្អាត ហើយច្រើន ហើយប្លែកពីគេទៀត។
ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា បេះដូងក្រដាសដែលបានបត់ឡើងដោយដៃប្រជាពលរដ្ឋកម្ពុជានាពេលនេះ មិនត្រឹមតែដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាទឹកចិត្តនៃក្តីស្រឡាញ់របស់ពលរដ្ឋកម្ពុជា អបអរសាទរកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ។
សូមជម្រាបផងដែរថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ«ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរដំណែល អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើន ដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាព រស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។ ក្រៅពីការរៀបចំកម្មវិធីកម្សាន្តសប្បាយទាំងនោះ ក៏នៅមានវិញ្ញាសាចំនួន២គឺ ការរាំចង្វាក់ម៉ាឌីហ្សុន និងបត់ក្រដាស ជារូបបេះដូង(Beyond the Games) ដើម្បីបំបែកកំណត់ត្រាពិភពលោកផងដែរ៕











ប្រភព៖ ក្រសួងព័ត៌មាន