សម្តេចតេជោ ផ្ញើសារពិសេសតាមតេឡេក្រាម បញ្ជាដាច់ណាត់មិនអោយមានការយកថ្លៃភាស៊ីពីប្រជាពលរដ្ឋចូលខេត្តកែបទៀតឡើយ
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាម បានឱ្យដឹងថា សម្តេចតេជោ បានដាក់បញ្ជាដាច់ណាត់មិនអោយមានការយកថ្លៃភាស៊ីពីប្រជាពលរដ្ឋចូលខេត្តកែបទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ឯកឧត្តម អភិបាលខេត្តកែប បានកែតម្រូវហើយ ខ្ញុំទើបបានដឹងដំណឹងនេះទេ ដែលអ្នកទៅលេងខេត្តកែបត្រូវបង់លុយ ខ្ញុំមិននឹងស្មាថា មានរឿងហ្នឹងកើតមានឡើងទេ ខ្ញុំបញ្ជាឱ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈយកប្រាក់ពីពលរដ្ឋចូលខេត្ត (ដែលហៅថា យកថ្លៃភាស៊ី)។ នេះមិនរឿងគួរឱ្យវៃឆ្លាតទេ ជាអំពើឆោតល្ងង់មួយ សម្រាប់ខេត្តកែបខ្លួនឯង ហើយក៏ជាអំពើឆោតល្ងង់នៃស្ថាប័ន ដែលអនុញ្ញាតឱ្យធ្វើបែបនេះ។ ខ្ញុំបញ្ជាដាច់ណាត់ គឺមិនឱ្យយកប្រាក់ពីប្រជាជននោះទេ ប្រសិនបើយកប្រជាជនទៅលេង នៅកន្លែងនោះ អាចនឹងចំណេញច្រើនជាង។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « ខ្ញុំមិននឹកស្មាថាអភិបាលខេត្តល្ងង់ ដល់ថ្នាក់ប៉ុណ្នឹងទេ នេះចេះខ្ញុំរកឃើញតាមរយៈហ្វេសប៊ុកដែលគេបង្ហោះ រឿងនេះគឺកើតអ៊ីចឹងមែន ដូច្នេះខ្ញុំនិយាយជាមួយមនុស្ស ដែលនៅក្នុងតេឡេក្រាមមានជាង ៦៩ម៉ឺននាក់ ហើយខ្ញុំបញ្ជាដាច់ណាច់ មិនឱ្យមានរឿងបែបនេះកើតឡើងសារជាថ្មី » ៕





