ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រកបដោយភាពសប្បាយរីករាយ

    BY Khmernote Media April 15, 2023
    ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រកបដោយភាពសប្បាយរីករាយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានល្បែងប្រជាប្រិយ ជួបជុំនិងរាំលេងសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។

    នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានមហាជនយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តល្បែងប្រជាប្រិយ និងការរាំច្រៀងប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង។

    កញ្ញា សុខ ធានី ជាភ្ញៀវទេសចរមួយរូបដែលបានមកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ឆ្នាំនេះកញ្ញាបានឃើញមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត និងប្លែកជាងឆ្នាំ កន្លងទៅ តាំងពីចំណុចស្ពាននាគរហូតដល់វត្តភ្នំ មើលទៅមានភាពស្រស់ស្អាតជាខ្លាំង ។ កញ្ញាបន្តថា នៅពេលដែលមកដល់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ គឺមានការរៀបចំនូវរូបសត្វទន្សាយ ដែលតំណាង ឱ្យទេវតានៅឆ្នាំនេះពិតជាស្រស់ស្អាត។

    បន្ថែមពីនេះទៀតមាន ការរៀប ចំយ៉ាងច្រើន ដូចជា ការតាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ មានត្បាល់កិនស្រូវ ត្បាល់បក់ស្រូវ និងមានការលេងល្បែងប្រជាបិយខ្មែរដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្តយ៉ាងច្រើន កុះករ។ មិនតែប៉ុណ្ណោះ ក៏មានសម្តែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗទៀតផងដែរ។ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលមកលេងសង្ក្រាន្តនៅវត្តភ្នំនេះ ឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានលេងនៅក្នុងឱកាសសង្ក្រាន្តវត្តភ្នំនេះ ហើយមិនតែប៉ុណ្ណោះនៅពេលដែលចូលមកដល់នៅទីនេះឃើញថា មានការរៀបចំតុបតែងលម្អគឺមានភាពស្រស់ស្អាតប្លែកជាងឆ្នាំកន្លងទៅ ហើយម្យ៉ាងវិញទៀត នៅទីនេះក៏មានការលេងល្បែងប្រជាប្រិយខ្មែរផងដែរ។»

    កញ្ញា ស្រី ណិច បានឱ្យដឹងដែរថា នៅសង្ក្រាន្តវត្តភ្នំនេះ គឺមានប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នា មកលេងនៅទីនេះ ធ្វើឱ្យគាត់ពិតជាសប្បាយរីករាយជាខ្លាំង ជាមួយនឹងការរំាលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ហើយការលេងល្បែងប្រជាបិយជានៅទីនេះ គឺជាការចូលរូម រក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ កញ្ញាបន្តថា ក្រៅពីការរាំលេងកម្សាន្តសប្បាយនៅទីនេះ ក៏មានការរៀប ចំនូវពិធីពូនភ្នំខ្សាច់ និងស្រង់ព្រះ ដែលពិធីនេះ តែងតែធ្វើនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កញ្ញាចង់ឱ្យមានកម្មវីធីសង្ក្រាន្តវត្តភ្នំនេះ ជារៀងរាល់ឆ្នាំ ដើម្បីបង្កភាពសប្បាយរីករាយដល់ ប្រជាពលរដ្ឋ។

    សំឡេង៖ «ខ្ញុំបានមកលេងសង្ក្រាន្តនៅវត្តភ្នំនេះ២ដងរួចមករួមទាំងឆ្នាំនេះ ហើយមួយវិញទៀតដែលខ្ញុំសង្កេតឃើញថានៅក្នុងបរិវេណវត្តភ្នំនេះ គឺមានកម្មវិធីពូនភ្នំខ្សាច់ក៏ដូចជាស្រង់ព្រះ ដែលជាកិច្ចការមួយតែងតែរៀបចំឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏ដូចជាបុណ្យប្រពៃណីផ្សេងៗផងដែរ ហើយខ្ញុំចង់ឱ្យមានការរៀបចំអង្គរសង្ក្រាន្តវត្តភ្នំនេះជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋដែលមិនបានទៅបណ្ដាខេត្ត អាចមកលេងកម្សាន្តសប្បាយរីករាយនៅទីនេះបានដែរ។»

    សូមបញ្ជាក់ថា មហាជនយ៉ាងច្រើនកុះករ មានភ្ញៀវទេសចរ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលពុំបានទៅស្រុកកំណើតបានមកចូលរួមលេងល្បែងប្រជាប្រិយ ជួបជុំ និងរាំលេងសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ ប្រកបដោយទឹកមុខញញឹមសប្បាយរីករាយ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹករហូតដល់ល្ងាច លេងកម្សាន្តដោយក្ដីរីករាយ ។ មិនតែប៉ុណ្ណោះនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ គឺមានកម្លាំងសមត្ថកិច្ច សន្តិសុខ និងអាជ្ញាធរ បានដាក់ពង្រាយនៅជុំវិញបរិវេណវត្តភ្នំនេះ ដែលធ្វើឱ្យអ្នកដែលមកលេងកម្សាន្តនៅទីនេះកាន់តែមានភាពរីករាយ កកក្តៅ និងរក្សាបាននូវសុខ សុវត្ថិភាពពេលមកលេងកម្សាន្តនៅទីនេះផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: