ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានី​ បកស្រាយថា បុរសស៊ីវិលឈរកាន់ដំបងបំភ្លឺផ្លូវ​ កាក់យកលុយឡានធំ មិនមែនជាសមត្ថកិច្ចទេ​ គឺជាអ្នករត់ម៉ូតូឌុប​ ឆ្លៀតពេលរកលុយខ្លះ​ ផ្ញេីលុយជូនម្តាយអាយុ​ 84ឆ្នាំ​ មុនចូលឆ្នាំ

    BY Khmernote Media April 18, 2023
    ស្នងការរាជធានី​ បកស្រាយថា បុរសស៊ីវិលឈរកាន់ដំបងបំភ្លឺផ្លូវ​ កាក់យកលុយឡានធំ មិនមែនជាសមត្ថកិច្ចទេ​ គឺជាអ្នករត់ម៉ូតូឌុប​ ឆ្លៀតពេលរកលុយខ្លះ​ ផ្ញេីលុយជូនម្តាយអាយុ​ 84ឆ្នាំ​ មុនចូលឆ្នាំ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ដែលស្លៀកពាក់ស៊ីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង ១០៖២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ គាត់ឈ្មោះ សុខ សុបុណ្យ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រចាំនៅម្តុំស្ពានស្ទឹងមានជ័យ។

    បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ ដើម្បីរកមុខជនស៊ីវិលនេះ រហូតដល់ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកគាត់ឃើញនៅម្តុំស្ពានស្ទឹងមានជ័យ ហើយបានហៅគាត់មកសាកសួរ និងបំភ្លឺ លើករណីចេញយកលុយឡាននៅពេលយប់។

    តាមការបញ្ជាក់របស់បុរសម្នាក់នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ២២ នាទីយប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តាយផ្លូវមុន្នីរ៉េត ដោយឃើញសភាពស្ងាត់ មិនមានសមត្ថកិច្ចនៅគោលដៅ ម្យ៉ាងទៀតរត់ម៉ូតូមិនមានភ្ញៀវសោះ រហូតដល់កណ្តាលយប់ ទើបគាត់ក៏ឆ្លៀតឱកាសចេញមកជាមួយដំបងបំភ្លឺផ្លូវ ដើម្បីហៅរថយន្តខ្លះគ្រាន់បានថវិកាបន្តិចបន្តួច ដើម្បីផ្ញើជូនទៅម្តាយចាស់ជរាដែលមានអាយុ ៨៤ឆ្នាំ នៅឯខេត្តមុនចូលឆ្នាំ ។

    បុរសម្នាក់នេះបានសារភាព ទទួលកំហុស ហើយបានបញ្ជាក់ថា មិនមានបំណងណាមួយបន្លំជាសមត្ថកិច្ចនោះទេ ជាមួយនោះដែរគាត់បានធ្វើការសុំទោសជាសាធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះកំហុសខុសឆ្គងនេះ ។ ការចេញយកលុយឡាននេះ មិនមានពាក់ព័ន្ធជាមួយមន្ត្រីគោលដៅឡើយ គាត់ធ្វើដោយខ្លួនឯង ដោយសារតែមិនមានភ្ញៀវដឹក ម្យ៉ាងទៀតខ្វះខាតផ្នែកជីវភាព និងចង់បានថវិកាខ្លះផ្ញើជូនម្តាយចាស់មុនចូលឆ្នាំ។

    ជាចុងបញ្ចប់គាត់ត្រូវបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដោយបានសន្យាថា មិនប្រព្រឹត្តខុសបែបនេះទៀតឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីចរាចរណ៍ផ្លូវគោក ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: