សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជន ៥ម៉ឺននាក់ជិះរថយន្តក្រុងនាពេលចូលឆ្នាំ ប្រសិនបើបានស្គាល់គ្នាហើយរៀបការ សម្ដេចនឹងមានចំណងដៃសម្រាប់កូនកម្លោះកូនក្រមុំ
រាជធានីភ្នំពេញ៖ យោងតាមការលើកឡើងក្នុងគណនីតេឡេក្រាមផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយសម្តេចតេជោ បានមានប្រសាស៍ថា ប្រជាជន ៥ម៉ឺននាក់ជិះរថយន្តក្រុងនាពេលចូលឆ្នាំ ប្រសិនបើបានស្គាល់គ្នាហើយរៀបការ សម្ដេចនឹងមានចំណងដៃសម្រាប់កូនកម្លោះកូនក្រមុំ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយថាប្រជាជនប្រមាណ ៥ម៉ឺននាក់ បានជិះរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញក្នុងពេលចូលឆ្នាំ កន្លងមក។ (និយាយព្រឹកមិញក្នុង ពិធីសម្ពោធអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣)។ ពេលនោះខ្ញុំបានលើកឡើងថាប្រជាជនបានស្គាល់គ្នាលើឡានក្រុង និងដែលអាចមានកម្លោះក្រមុំស្គាល់គ្នាផងដែរ និងប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង។ ដើម្បីជាចំណងដៃសម្រាប់ក្រមុំកម្លោះទាំងឡាយដែលស្គាល់គ្នាលើឡានក្រុងសូមស្តាប់បទ (ចន្ទរះលើរថយន្តក្រុង)។ ចំហាយសប្បាយនៅសល់ពីចូលឆ្នាំជាមួយសមិទ្ធិផលថ្មីក្នុងឆ្នាំថ្មី»។
បើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា៖ «ឆ្នាំនេះ ខ្ញុំអាចគិតថា នារីនិងបុរសអាចជួបគ្នានៅលើឡានក្រុង បន្ទាប់ទៅពួកគេនឹងរៀបការជាមួយគ្នា បើយ៉ាងដូច្នេះមែន ពេលរៀបការសូមធ្វើម៉េចផ្ញើមកដល់ខ្ញុំផង ដើម្បីខ្ញុំចងដៃ» ៕

