ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល៖ នៅមានយានយន្តជាង ១៥០ពាន់គ្រឿងមិនទាន់បានឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណហួសសុពលភាព

    BY Khmernote Media April 21, 2023
    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល៖ នៅមានយានយន្តជាង ១៥០ពាន់គ្រឿងមិនទាន់បានឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណហួសសុពលភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ នៅមានយានយន្តជាង ១៥០ពាន់គ្រឿង មិនទាន់បានឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព ថ្លែងក្នុងពិធីសម្ពោធមណ្ឌលឆៀកថ្មី តាមបណ្តោយផ្លូវហាណូយ។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត មានទីតាំងស្ថិតនៅលើផ្លូវហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន CMVIC ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

    លើកឡើងក្នុងពិធីសម្ពោធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការអំពាវនាវសារជាថ្មីទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីឱ្យយានយន្តមានសុវត្ថិភាពក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ ដែលបច្ចុប្បន្នមានយានយន្តជាង ១៥៣ពាន់គ្រឿង មិនទាន់បានឆៀក។ ជាមួយគ្នានេះ ចំពោះបងប្អូនអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព ដែលបច្ចុប្បន្នមានចំនួនប្រមាណជាង ៣៤៦ពាន់បណ្ណ ត្រូវមកប្ដូរបណ្ណបើកបររបស់ខ្លួនឱ្យស្របតាមច្បាប់កំណត់ ដើម្បីចៀសវាងការផាកពិន័យ។ ចំពោះការទទួលសេវាទាំងនោះ បងប្អូនអាចអញ្ជើញមកមណ្ឌលផ្ដល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប ដើម្បីទទួលសេវាដោយផ្ទាល់ ជៀសវាងការចំណាយក្រៅផ្លូវការ ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: