PR

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញាគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្រនៅកម្ពុជា

BY
Liny Chan
April 23, 2023

ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៣៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជាអ្នកឧបត្ថម្ភភេសជ្ជៈមានជាតិហ្គាសផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និង ក្រុមហ៊ុន SPORTSMAZING CO.,LTD នៅថ្ងៃនេះក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹងប្តេជ្ញាចូលរួមឧបត្ថម្ភពិសេសដល់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំ តំបន់នេះ ដែលនឹងប្រារព្ធធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងមិនធ្លាប់មាន។

ពិធីចុះហត្ថលេខានេះមានការចូលរួមពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម កម្ពុជា (CAMSOC) លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Sportsmazing និងលោក Joseph Ho អគ្គនាយក ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាគីទាំងអស់បានឯកភាពគ្នាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងជាឱកាសដ៏ល្អបំផុត ដើម្បីលើកកម្ពស់មោទនភាព ជាតិ និងបង្ហាញពីការអភិវឌ្ឍដ៏គួរអោយកត់សម្គាល់របស់កម្ពុជាទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។

លោក Joseph Ho អគ្គនាយក ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖ «នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយផងដែរ ដែលកម្ពុជាអាចសម្រេចបាននូវសមិទ្ធិផលដែលនាំមកនូវកិត្តិយសមុខមាត់លំដាប់ថ្នាក់តំបន់ លើវិស័យកីឡា បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័នកីឡា និងវឌ្ឍនៈភាពសង្គម ហើយយើងពិតជារំភើបណាស់ដែលកម្ពុជា ក្លាយជាម្ចាស់ផ្ទះ ផ្លូវការសម្រាប់កីឡា ស៊ីហ្គេមលើកទី៣២ នេះ»។ លោកបានបន្តថា៖ «នៅក្រុមហ៊ុន កូកា-កូឡា កម្ពុជាយើងមានមោទនភាពដែលបាន ក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងនាមជាដៃគូអ្នកឧបត្ថម្ភ និងអ្នកជឿជាក់លើកម្ពុជា។ យើងជឿលើភាពអស្ចារ្យ របស់កម្ពុជា»។ 

កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឯកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែមិថុនា។ ពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍កីឡានេះគឺ «កីឡារស់ក្នុងសន្តិភាព»។ នៅក្នុងព្រឹត្តិការណ៍កីឡានេះ គេរំពឹងថានឹងមានកីឡាករ និងគ្រូបង្វឹកប្រមាណ ១ម៉ឺននាក់មកចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ «កីឡាស៊ីហ្គេមលើកទី៣២ នេះពិតជាពិសេសណាស់ សម្រាប់យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូង មិនធ្លាប់មាន និងសម្រាប់បណ្តាប្រទេសចូលរួមផងដែរ។ យើង មានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញាផ្តល់ការគាំទ្រនេះ»។

លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Sportsmazing ដែលបានធ្វើជាភ្នាក់ងារកណ្តាលក្នុងការចុះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖ «យើងពិតជាមានក្តីរីករាយដែលទទួលបានការឧបត្ថម្ភពីម៉ាកយីហោដ៏ល្បីនេះ។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សម្រាប់ ការចូលរួមចំណែក និងការគាំទ្ររបស់ពួកគេ»។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ។ ក្រៅពីការឧបត្ថម្ភដល់ ព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក៏បានឧបត្ថម្ភយុទ្ធនាការ Beyond the Games ដើម្បីចូលរួមលើកស្ទួយដល់មោទនភាពជាតិ។

នៅឆ្នាំ២០២២ ស្ថិតក្រោមយុទ្ធនាការ « ភាពរីករាយដ៏ពិតប្រាកដ » ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាននាំយកពានរង្វាន់បាល់ទាត់ FIFA World Cup មកកម្ពុជាជាលើកដំបូងដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់ក្នុងស្រុករីករាយចំពោះការមកទស្សនាពានរង្វាន់ FIFA World Cup នេះ។

ក្រុមហ៊ុន កូកា-កូឡា ក៏ធ្លាប់បានគាំទ្រការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសផ្សេងៗផងដែរនាពេលកន្លងមក។ ឧទាហរណ៍នៅឆ្នាំ១៩៨៩ និង ឆ្នាំ២០០២ ក្រុមហ៊ុន កូកា-កូឡា គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់កីឡាស៊ីហ្គេមនាឆ្នាំនោះ។ ក្រុមហ៊ុនក៏បានគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះសម្រាប់ កីឡាស៊ីហ្គេមឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

លើសពីនេះ ក្រុមហ៊ុន កូកា-កូឡា គឺជាដៃគូឧបត្ថម្ភយូរជាងគេបំផុតដល់ព្រឹត្តិការណ៍ កីឡាអូឡាំពិកដោយបានចូលរួមឧបត្ថម្ភដល់ ព្រឹត្តិការណ៍កីឡាដ៏ល្បីមួយនេះចាប់តាំងពីឆ្នាំ១៩២៨មក។

លោក Joseph Ho អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបន្ថែមថា៖ «ក្នុងនាមជាអ្នកចំណូលថ្មីដែលបានផ្លាស់មករស់នៅប្រទេសកម្ពុជានៅដើមឆ្នាំនេះ ខ្ញុំមានអារម្មណ៍ថា [ប្រជាជនកម្ពុជា] មានមោទនភាព និងឆន្ទៈចូលរួមខ្ពស់ នៅក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំ សូមអបអរសាទរដល់ប្រទេសកម្ពុជា និងជូនពរអ្នករៀបចំកីឡាករ និងអ្នកគាំទ្ររាប់លាននាក់ឱ្យទទួលបានសេចក្តីសុខទាំងអស់គ្នា»។

លោកថ្លែងទៀតថា៖ «ខ្ញុំជឿថាយើងអាចរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍កីឡាទាំងនេះក្លាយជា ព្រឹត្តិការណ៍អស្ចារ្យមួយក្នុង ប្រវត្តិសាស្ត្រកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម ផ្ដល់ភាពស្រស់ស្រាយនិងថាមពលដល់អ្នកចូលរួមគ្រប់រូបនៅក្នុងព្រឹត្តិការណ៍នេះ»៕

Share This Post: