អ្នកនាំពាក្យក្រសួងការបរទេស៖ និស្សិតខ្មែរទាំង ០៦រូប នៅប្រទេសស៊ូដង់ ស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា និស្សិតខ្មែរទាំង ០៦រូប ដែលកំពុងជាប់គាំងក្នុងប្រទេសស៊ូដង់នោះ នេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ដែលបានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ នាពេលកន្លងមក ហើយបន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឱ្យមកស្នាក់នៅក្នុងទីតាំងមួយក្នុងសាកលវិទ្យាល័យ។
តាមរយៈការសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ី និងទំនាក់ទំនងជាប្រចាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប និស្សិតខ្មែរខាងលើ កំពុងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ ក្នុងពេលដ៏ឆាប់ខាងមុខ។
ដោយឡែក គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរ ចាកចេញពីប្រទេសសូដង់ ឱ្យបានឆាប់តាមតែអាចធ្វើបាន៕

ប្រភព៖ ក្រសួងព័ត៌មាន