គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប កំពុងត្រូវបានសិក្សាជាបណ្ដើរៗហើយ
កំពង់ចាម៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ដែលត្រូវបានចាត់ទុកថាជាគម្រោងផ្លូវល្បឿនលឿនទី៣ កំពុងត្រូវបានសិក្សាជាបណ្ដើរៗហើយ ដោយកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿនមួយខ្សែនេះ។

កិច្ចប្រជុំនេះដែរ មានការចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិក្នុងការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ។
សូមរម្លឹកផងដែរថា ដើម្បីជួយសម្រួល និងពន្លឿនដំណើរការសិក្សា កាលពីពេលកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យអភិបាលរាជធានីខេត្តចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប ចូលរួមសហការគាំទ្រដល់ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជាមួយនេះ៕

