ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីឈ្នះឈ្នះ ដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡា SEA Games

    BY Khmernote Media April 29, 2023
    រកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីឈ្នះឈ្នះ ដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡា SEA Games

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

    ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។

    ចំពោះតម្រាយផ្លូវ និងមហាវិថីដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ ផ្លូវជាតិលេខ៦ (ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ) កំណាត់មហាវិថីឈ្នះ ឈ្នះ (ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) និងកំណាត់មហាវិថីមិត្តភាពភ្នំពេញ ហាណូយ (ចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្សី) មិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រធ្វើចរាចរ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: