តួសំខាន់ក្នុងរឿង ម្ចាស់កីតម្បាញ មកបង្ហាញខ្លួនព្រមគ្នាក្នុងរឿងបែបសម័យ
- BY
- Liny Chan
- April 30, 2023
ខ្សែភាពយន្តភាគខ្លី បែបសង្គមគ្រួសារមួយទៀតហើយដែលកំពុងទទួលបានការគាំទ្រ និងដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលបង្ហាញពីតថភាពពិតជាក់ស្ដែងនៅក្នុងសង្គមគ្រួសារបច្ចុប្បន្ន ពិសេសគឺរឿងក្បត់ផិតដែលបង្កជាទំនាស់ក្នុងគ្រួសារដែលតែងតែបែកធ្លាយ និងលេចឡើងកាន់តែច្រើនៅក្នងសង្គមខ្មែរបច្ចុប្បន្ន។

ភាពយន្តថ្មីដែលមានចំណងជើងថា កម្មប្រពន្ធចុង ជាភាពយន្តមួយដែលធ្វើអោយទស្សនិកជនមានបន្ទិល ថាតើសាច់រឿងនេះ អ្នកនិពន្ធនឹងលើកយកពីចំណុចអ្វីពីប្រពន្ធចុងមកបកស្រាយ ពីព្រោះកន្លងទៅភាពយន្តភាគច្រើន គឺរៀបរាប់តែទុកលំបាករបស់ប្រពន្ធដើម ដែលត្រូវយាយីដោយប្រពន្ធចុង ឬជនទី៣ជាដើម។ តើសាច់រឿងបន្តទៅមុខនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើប្រពន្ធដើម និងប្រពន្ធចុងប្រែក្លាយជាមិត្តនឹងគ្នា។

សម្រាប់ខ្សែភាពយន្តនេះដែលគឺមានការចូលរួមសម្ដែងដោយតារាសម្ដែងដ៏មានប្រជាប្រិយភាពដូចជា លោក សន ពិសិដ្ឋ និងតារាស្រីតារាស្រីពីរដួងទៀតដែលមានការចាប់អារម្មណ៍ខ្លាំងគឺ កញ្ញា ខ្លឹម ស្រីគាដែលជាអតីត Miss grand cambodia ឆ្នាំ 2017 និង កញ្ញា ម៉ាច ដាវី ដែលទស្សនិកបានស្គាល់ភាគច្រើនមកហើយដែលកញ្ញាបានដើរតួសម្ដែងជាសេដ្ឋីនីកាចឆ្នាស់នៅក្នុងភាពយន្តខ្នាតធំ ម្ចាស់កីតម្បាញ ។
រឿង កម្មប្រពន្ធចុង ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ចាប់ពីវេលាម៉ោង ៧យប់តទៅ និងនៅលើឆានែលយូធូបផ្លូវការរបស់ហង្សមាស គឺ Hang Meas Khmer Drama៕




- Share This Post:






