ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ អំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ដោយសម្ដេចបានគូសបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ។

ការអំពាវនាវរបស់សសម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិក និងគណៈប្រតិភូកីឡារបស់កម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងបានអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា។
សម្ដេចតេជោមានប្រសាសន៍រម្លឹកឡើងថា ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួបនឹងបញ្ហាកកស្ទះចរាចរណ៍នោះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមិនយកលុយពីកីឡាករបរទេស គឺជាការបើកឱកាសឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជា។
សម្តេចតេជោលើកឡើងថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផលក្នុងស្រុក ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោក៏បានមានប្រសាសន៍ ផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត និងបានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសគឺការអភិវឌ្ឍនៅកម្ពុជាឱ្យបានលឿន។
សម្ដេចតេជោបានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាសាច់ឈាមខ្មែរបេះដូងជាខ្មែរ តែងតែមកជួយដល់ខ្មែរគ្នាឯងវិញ។
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធាន គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ប្រតិភូកីឡាកម្ពុជាត្រៀមចូលរួមប្រកួតកីឡាSEA Games លើកទី៣២ឆ្នាំ២០២៣នេះ មានចំនួនសរុប ១ ២០៣ នាក់ ក្នុងនោះកីឡាករនិងគ្រូបង្វឹកមន្ត្រីជំនួយបច្ចេកទេសជំនាញចំនួន ១ ១៣៦ នាក់។ ដោយឡែកសមាសភាពកីឡាករ គ្រូ បង្វឹក ប្រធានក្រុមកីឡាដែលបានចូល រួម សម្តែងការគួរសមជា មួយសម្តេចតេ ជោនាយករដ្ឋមន្ត្រីនាពេលនេះមាចំនួនសរុប ១ ១៣៦ នាក់(ដោយមិនគិត ថ្នាក់ដឹកនាំចំនួនប្រតិភូ៦៧នាក់)។
ឯកឧត្ដមបន្តថា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជាឆ្នាំ ២០២៣នេះ កម្ពុជាចូលរួមប្រកួតក្នុង ៣៦ ប្រភេទកីឡានិងកីឡាសម្តែងមួយប្រភេទ គឺកីឡាបាល់ទាត់លើតុ «tagball»។ ក្នុង៣៦ប្រភេទកីឡាមានកីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុន ល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួមប្រភេទកីឡាសរុបមានចំនួន៤១ប្រភេទកីឡាក្នុង SEAGAMES លើកទី៣២នេះ។ គួរបញ្ជាក់ដែរថា ក្នុងពិធីសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនីទាំងអស់ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសឧបត្ថម្ភដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ ដុល្លារអាម៉េរិកផងដែរ៕




ប្រភព៖ ក្រសួងព័ត៌មាន