ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០៨លានរៀល ជូនដល់កីឡាការិនី ខាន់ ចេសា និងគ្រូបង្វឹក គ្រូជំនួយ

    BY Khmernote Media May 2, 2023
    ក្រសួងអប់រំប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០៨លានរៀល ជូនដល់កីឡាការិនី ខាន់ ចេសា និងគ្រូបង្វឹក គ្រូជំនួយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាសរុប ១០៨លានរៀល ជូនដល់កីឡាការិនី ខាន់ ចេសា និងគ្រូបង្វឹក គ្រូជំនួយ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

    ការប្រគល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងដល់កីឡាការិនីជម្រើសជាតិកម្ពុជារូបនេះ ក្នុងឱកាសដែលកូនខ្មែររស់នៅសហរដ្ឋអាម៉េរិករូបនេះទើបមកដល់កម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

    បើតាមការគូសបញ្ជាក់ពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដណ្តើមបានមេដាយមាស១គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក (Ju-Jitsu World Champion 2022) កាលពីថ្ងៃទី២៧ ខែតុលាដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម។ កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដែលដណ្តើមមេដាយមាស១គ្រឿង ជូនជាតិនេះទទួលបានប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ ចំនួន ៤០លានរៀល និងលោក Khan Peter Ell គ្រូបង្វឹក ទទួលបានប្រាក់រង្វាន់ ៤០ លានរៀល និងគ្រូជំនួយ លោក Pass Jasper Martijn ទទួលបានថវិកា ២៨លានរៀល សរុប១០៨លានរៀល។

    គួរបញ្ជាក់ថា ការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមនេះ គឺសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនគ្រូបង្វឹក មន្ត្រី និងកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនសរុបចំនួន០៨នាក់ ក្នុងនោះ កូនខ្មែរអាម៉េរិក ខាន់ ចេសា ដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសា NEWAZA ឯកត្តជននារី ក្រោមទម្ងន់៥២គីឡូក្រាម។

    សូមរម្លឹកថា មុនឈានដល់មេដាយមាសនេះ កីឡាការិនី ខាន់ ចេសា បានយកឈ្នះកីឡាការិនីហ្វីលីពីន ដោយផ្ដួលគូប្រកួតឱ្យចុះចាញ់ក្នុងរយៈពេល ២នាទី និង២៣វិនាទី។ ក្នុងការប្រកួតជុំទី២ ចេសា បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម ដោយផ្តួលគូប្រកួតឱ្យចុះចាញ់ ក្នុងរយៈពេល៣នាទី និង៤៥វិនាទី។ ប្រកួតជុំទី៣ វគ្គពាក់កណ្តាល ចេសា បានយកឈ្នះកីឡាការិនីអ៊ីស្រាអែល ដោយពិន្ទុ ០៩ទល់នឹង០០ ហើយនៅក្នុងការប្រកួតជុំទី៤ ដែលជាវគ្គផ្តាច់ព្រ័ត្រ ចេសាបានយកឈ្នះកីឡាការិនីអេស្ប៉ា ហើយគ្រងមេដាយមាសតែម្តង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: