ផលិតកម្មថោន ចេញលិខិតសុំទោសជាសាធារណៈ ក្រោយធ្វេសប្រហែសកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា បញ្ច្រាស
កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការសម្តែងសិល្បៈជាច្រើន ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺមានការសម្តែងមួយ ដែលមានការកាន់ទង់ជាតិប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាស។

បន្ទាប់ពីមើលឃើញកំហុស ផលិតកម្មថោន ក៏បានចេញលិខិតសុំទោសជាសាធារណៈលិខិតសុំទោសជាសាធារណៈជូនពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ចំពោះការធ្វេសប្រហែសរបស់ក្រុមការងារ។ នៅក្នុងលិខិតនោះមានខ្លឹមសារថា៖
«ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហែសកាន់ទង់ជាតិបញ្ជ្រាសក្នុងព្រឹត្តិការណ៍ «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣ ។
ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថា ក្រុមការងារបានកាន់ទង់ជាតិនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា (ភូមា) បញ្ជ្រាសដោយអចេតនា ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។
ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្តីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ «កីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ជាថ្មីម្តងទៀត ផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច នឹងធ្វើលិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត៕
