កុមារាម្នាក់មកពីខេត្តបាត់ដំបង មានសភាពហត់ឈឺទ្រូង រកឃើញថាមានដុំសាច់ធំនៅក្នុងបេះដូងថតខាងលើឆ្វេង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះដោយជោគជ័យ
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា កុមារាម្នាក់ មានសភាពហត់ ហើយឈឺទ្រូង រកឃើញថាមានដុំសាច់ធំនៅក្នុងបេះដូងថតខាងលើឆ្វេង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះយកចេញដោយជោគជ័យ។

ប្រភពពីគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា៖ កុមារា អាយុ១៣ឆ្នាំ មកពីខេត្តបាត់ដំបង មានសភាពហត់ ហើយឈឺទ្រូង បានចូលសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុមពេទ្យបានរកឃើញថាគាត់មាន ដុំសាច់ធំនៅក្នុងបេះដូងថតខាងលើឆ្វេងមួយសង្កត់ទៅលើប្រឹសបេះដូងធ្វើអោយមានឈាមច្រាល់ឡើង។
អ្នកជំងឺត្រូវបានវះកាត់ កាត់យកដុំសាច់ចេញដោយជោគជ័យនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យកម្ពុជានៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ។ ៣ថ្ងៃបន្ទាប់ពីវះកាត់រួចស្ថានភាពកុមារបានល្អប្រសើរឡើង។
សូមអរគុណនិងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចជារៀងរាល់ថ្ងៃដើម្បីសង្គ្រោះកុមារកម្ពុជាពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់យើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២ ៕
