ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញប្រវត្តិនាឡិកាដៃ ម៉ាកទីតូនី ដែលបានដូរ ជាមួយសម្ដេច ជា ស៊ីម ក្នុងឆ្នាំ១៩៨២

    BY Khmernote Media May 13, 2023
    សម្ដេចតេជោ ហ៊ុន សែន បង្ហាញប្រវត្តិនាឡិកាដៃ ម៉ាកទីតូនី ដែលបានដូរ ជាមួយសម្ដេច ជា ស៊ីម ក្នុងឆ្នាំ១៩៨២

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីប្រវត្តិនាឡិកាដៃ ម៉ាកទីតូនី ដែលសម្ដេចពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ និងបានដូរជាមួយសម្ដេច ជា ស៊ីម ក្នុងឆ្នាំ១៩៨២។

    នៅលើផេកផ្លូវការនាព្រលប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា បានត្រឹមរូបថត។ ខ្ញុំបានខិតខំស្វែងរកនាឡិកា ដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបង ជា ស៊ីម ក្នុងឆ្នាំ១៩៨២។ សម្ដេចតេជោបន្តថា ម្សិលមិញខ្ញុំបានទទួលពីបណ្តាញសង្គម នូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយ ជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំ បានប្រាក់ជាង ៥ ០០០ រៀល យកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកា នៅស្រុកមេមត់ដោយយកម៉ាកទីតូនី ដែលមានតម្លៃខ្ពស់ជាងរហូតដល់ ៨ ៧០០ រៀល លុយជំនាន់នោះ (មាសមួយដំឡឹងតម្លៃ ៣ ២០០រៀល)។ ដូចនេះនាឡិកានេះមានតម្លៃស្មើនឹងជាង២ដំឡឹងមាសនាពេលនោះ។

    សម្ដេចតេជោបានបន្ថែមថា នាឡិកានេះបានជួយខ្ញុំច្រើន មិនឱ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺត ពិសេសបម្រើការក្នុងកងទ័ព រហូតជារដ្ឋមន្ត្រីក្រសួងការបរទេស ១៩៧៩-១៩៨០ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស១៩៨១-១៩៨២ មុនពេលប្តូរនាឡិកានេះ ជាមួយបង ជា ស៊ីម ក្នុងឆ្នាំ១៩៨២៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: