ក្រសួងសុខាភិបាល បំភ្លឺករណីបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣កន្លែង នៅរាជធានីភ្នំពេញ មិនមែនជាមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹមឡើយ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបញ្ជាក់ និងបំភ្លឺស្តីពីករណីបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣កន្លែង នៅរាជធានីភ្នំពេញ ដែលមិនមែនជាមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នោះឡើយ។

ក្រសួងសុខាភិបាលសូមជម្រាបបញ្ជាក់ និងបំភ្លឺជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរ សម្រាកព្យាបាលដែលមានឈ្មោះដូចតទៅ៖
១. មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម
២. មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ
៣. មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង។
មន្ទីរសម្រាកព្យាបាលទាំង៣កន្លែងខាងលើនេះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម Sihanouk Hospital Center of Hope (SHCH) នោះឡើយ។
នាពេលកន្លងមកនេះ ក្រសួង បានខិតខំពង្រឹងការងារផ្តល់សេវាសុខាភិបាល ជាពិសេសផ្នែកឯកជននេះ ឱ្យបានសមស្របទៅនឹងនិយាមប្រតិបត្តិស្តង់ដារអប្បបរមា (Minimum standard) ដែលក្រសួងបានចេញ ផ្សព្វផ្សាយរួចហើយនៅដើមឆ្នាំ២០២៣នេះ ជាមួយនឹងការជំរុញឱ្យមានការអនុវត្តន៍សេចក្តីណែនាំ និងច្បាប់ ទម្លាប់នានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកនេះ ក្រសួង ក៏ធ្លាប់បានបិទគ្លីនិកឯកជន មួយចំនួនដែលមិនគោរពតាមច្បាប់ទម្លាប់ ឬក៏បានប្រព្រឹត្តនូវទង្វើមិនសមស្របតាមគោលការណ៍បច្ចេកទេស ហើយក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យបច្ចេកទេសនេះ តាមរយៈក្រុមការងារដែលបានបង្កើតឡើងរួចហើយ នៅតាម សេវាឯកជនផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

