សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ
- May 17, 2023
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំង បង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើប រកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមាន ប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។

សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុ ដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។
សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍ខាងលើនេះ នឹងផ្តល់ ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែប បុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ សាធារណជនក៏អាចឈ្វេង យល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវពីការ ដ្ឋានកំណាយផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះ ធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា។ ក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ អាចចូលទស្សនាបានដោយ ឥតគិតថ្លៃ៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






