សម្តេចក្រឡាហោម ស ខេង៖ តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្ល៉េះ
- May 18, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាតួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្ល៉េះ ប៉ុន្តែតាមការស្រាវជ្រាវខ្លះបង្ហាញថាតួនាទីខុសពីបច្ចុប្បន្ន។

ការគូសបញ្ជាក់របស់សម្ដេចក្រឡាហោមបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក កិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយហើយសម្រាប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។ សម្ដេចក្រឡាហោមបានរម្លឹកថា តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថានាសម័យនោះ តម្លៃ ឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ត្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជនជាន់ខ្ពស់កាន់កិច្ចការជាតិ ឧទាហរណ៍ឧកញ៉ាចតុស្ដម្ភទាំង៤រូប។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើង និងទាញយកខ្លឹមសារក្នុងសៀវភៅរបស់អ្នកស្រី ត្រឹង ងា ដែលបានបញ្ជាក់អំពីតួនាទីឧកញ៉ាចតុស្ដម្ភទាំង៤ រួមមានឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឧកញ៉ាក្រឡាហោម រដ្ឋមន្រ្តីខាងទ័ពជើងទឹក, ឧកញ៉ាវាំង រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧកញ៉ាចក្រី រដ្ឋមន្រ្តីខាងកងទ័ពជើងគោក។
សម្ដេចក្រឡាហោមបានបន្ដថា បច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធនឹងឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជនមានទឹកចិត្តសប្បុរសជួយជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់ព័ន្ធនឹងឧកញ៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ព្រះរាជក្រឹត្យនេះ បានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។
សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនេះ ព្រះរាជក្រឹត្យនេះក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។
យោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






