ក្រសួងកសិកម្ម ជូនដំណឹងពីរដូវបិទនេសាទឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូច ខាងក្រោម៖

-ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។
-ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងអ្នកនេសាទទាំងអស់ មេត្តាជ្រាប និងចូលរួមសហការ អនុវត្តតាមសេចក្ដីជូនដំណឹងនេះ ជាពិសេសអនុវត្តតាមអនុសាសន៍ទាំង៧ចំណុចរបស់ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាការពារធនធាន ជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕
