អេសស៊ីជី (SCG) រៀបចំការប្រកួត វិញ្ញាសាផ្នែកបេតុង ថ្នាក់ជាតិ វគ្គផ្ដាច់ព្រាត់
- BY
- Liny Chan
- June 9, 2023
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការ ប្រកួតវិញ្ញាសាបេតុង ថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯ មជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) ដែលក្នុងនោះសិស្សនិស្សិត មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦បានមកចូលរួមប្រកួត។

ការប្រកួតវគ្គផ្ដាច់ព្រាត់នេះធ្វើឡើង ក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើស ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្ត ដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ។

លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា៖ “ អេសស៊ីជីតែងតែព្យាយាម ស្វែង រកវិធីសាស្ត្រ ប្រកបដោយភាពច្នៃប្រឌិត ដើម្បី ជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានៅក្នុងវិស័យសំណង់ ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញផ្នែកបេតុង។ យើងសង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈ ស្នាដៃប្រកប ដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹង សម្ភារៈសំណង់ដែលមានគុណភាព ដូចជា សម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម” ។
យោងតាម ក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាល វិជ្ជាជីវៈ ទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង វិទ្យាស្ថានជាតិ បណ្ដុះបណ្ដាល បច្ចេកទេស (NTTI)។

ក្នុងនោះក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មានសិស្សនិស្សិត ឆ្នាំទី៣ និងទី៤ ចំនួន ៦០នាក់ ត្រូវបានជ្រើសរើស សម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមាននិស្សិតចំនួន ២០០នាក់ត្រូវបានជ្រើសរើស ហើយ សិស្សិនិស្សិតទាំងអស់ ត្រូវបានជម្រុះតាមរយៈការធ្វើតេស្តសរសេរ។
បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ សិស្សនិស្សិតមួយក្រុម ៥នាក់ ត្រូវបានជ្រើសរើស សម្រាប់ចូលរួមវគ្គបន្ទាប់ គឺ ការចុះទស្សនកិច្ចសិក្សា ដែលក្នុងនោះ អេសស៊ីជី នាំពួកគាត់ទៅចុះទស្សនកិច្ចនៅតាមរោងចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់បានឃើញ និងស្វែងយល់ពីចង្វាក់ផលិតកម្មបេតុងជាក់ស្ដែង។

នៅក្នុងវគ្គអនុវត្ត សិស្សនិស្សិតមកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យអនុវត្តផ្នែកបេតុងចំនួនពីរលើក នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត បានឆ្លងកាត់ ការធ្វើតេស្ត ផ្ទាល់មាត់ ការធ្វើតេស្ត សរសេរ និងការធ្វើតេស្តផ្នែកបេតុង។

សិស្សនិស្សិតចំនួនបីក្រុម ត្រូវបានជ្រើសរើសជា អ្នកឈ្នះ ដែលមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) សាកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេ បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមជ័យលាភីចំណាត់ថ្នាក់ទីមួយ បានទទួលរង្វាន់ជាទឹកប្រាក់ ៤លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២លានរៀល។

និស្សិត ហុង សេងហួត តំណាង ឲ្យក្រុមជ័យលាភីលេខ១មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) បាននិយាយថា៖ “ពួកខ្ញុំមានសេចក្ដីរំភើបរីករាយ មែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ ។ និយាយរួមពួកខ្ញុំបានរៀនសូត្រ យល់ដឹង បានច្រើន ក្នុងអំឡុងពេលចូលរួមការប្រកួត ហើយ យើង សង្ឃឹមថា នឹង យកចំណេះដឹងទាំងនេះទៅ ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជានៅក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ” ។
គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ដោយផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាព សម្រាប់គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានា រាប់មិនអស់ ក្នុងនោះអេសស៊ីជី បានកសាង កិតិ្តនាម របស់ខ្លួន តាមរយៈការ ចូលរួមនៅក្នុងគម្រោង សាងសង់ធំៗជាច្រើននៅក្នុងប្រទេសមានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេ របស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារ ខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ របស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ ស្តែងពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត ។

អំពីក្រុមហ៊ុន អេសស៊ីជី (SCG)
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន ដោយប្ដេជ្ញាចិត្ត ក្នុងការ ធ្វើប្រតិបត្តិការអាជីវកម្មស្រប តាមគន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ឆ្នាំមកហើយ ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែង យល់ការសម្របខ្លួន និងការអភិវឌ្ឍន៍ នៅក្នុងគ្រប់វិស័យទាំងអស់ បានផ្ដល់លទ្ធភាពឲ្យអេសស៊ីជីអាចឆ្លងកាត់ដោយជោគជ័យ នូវ រលកវិបត្តិ និងបញ្ហាជាច្រើន ហើយមានការទទួលស្គាល់ថាជា តួអង្គគំរូ សម្រាប់អាជីវកម្ម ផ្សេងទៀត ទាំងនៅក្នុងស្រុក និងអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ kh.scgbuildingmaterials.com ។
- Share This Post:






