ព័ត៌មានជាតិ

កូរ៉េខាងត្បូង ចេញសេចក្តីណែនាំអំពីបញ្ហាសីតុណ្ហភាពជាលើកដំបូងនៅក្នុងឆ្នាំនេះ ខណៈរលកកម្តៅបានបង្កឲ្យមានជនរងគ្រោះ ៨៦នាក់ និងបាត់បង់ជីវិតម្នាក់

BY
Pheakdey
June 19, 2023

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានចេញសេចក្តីណែនាំឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នអំពីបញ្ហាអាកាសធាតុជាលើកដំបូងនៅក្នុងឆ្នាំនេះក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពនៅតាមតំបន់សំខាន់ៗមួយចំ​នួននឹងកើនឡើងក្នុងកម្រិតដ៏ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time។ តំបន់ដែលអាចនឹងរងសម្ពាធខ្ពស់ពីបញ្ហារលកកម្តៅនោះមានដូចជា នៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ភាគខាងកើតនៃខេត្ត Gyeonggi។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងតំបន់ទាំង​ ២ខាងលើនេះបានកើនឡើងក្នុងកម្រិតខ្ពស់ជាង ៣៣អង្សាសេក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ ខណៈកម្តៅអាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ និងបន្តកើតមានក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញថា ចាប់តាំងពីថ្ងៃទី ២០ ខែឧសភាមកដល់សប្តាហ៍នេះ មានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៨៦នាក់ហើយ ដែលបានធ្លាក់រងគ្រោះដោយសាររលកកម្តៅ ហើយនៅក្នុងនោះក៏មានពលរដ្ឋម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: