PR

បេសកកម្មសុខភាពអង្គការសេនចនប្រចាំកម្ពុជា បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់រយនាក់ក្នុងខេត្តកំពង់ស្ពឺ 

BY
Liny Chan
June 19, 2023

ខេត្តកំពង់ស្ពឺ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023 – ក្រុមអ្នករៀបចំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដឹកនាំដោយអង្គការសេនចនប្រចាំកម្ពុជា បានចាប់ផ្តើមបេសកកម្មការពិនិត្យភ្នែក ធ្មេញ និងសង្គ្រោះបឋម ក្រោមពាក្យស្លោក «ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។  

ក្នុងនោះផងដែរបេសកកម្មនេះត្រូវបានផ្តួចផ្តើមដោយលោកស្រី Trish Hume សមាជិក នៃអង្គការសេនចនប្រចាំកម្ពុជា គ្រូបង្រៀនស្ម័គ្រចិត្ត និងជាអ្នករៃអង្គាសថវិកាមកពីប្រទេសអូស្ត្រាលី ដែលបានធ្វើការសម្រាប់សហគមន៍នៅស្រុកបសេដ្ឋដោយមានការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ របស់លោកស្រី។ 

ជាមួយគ្នានេះដែរបេសកកម្មនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន សិរីអង្គា ស្រុកបាទី ខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងដោយ អង្គការសេនចនប្រចាំកម្ពុជា រួមជាមួយ សណ្ឋាគារ អាផាតមិន Himawari និងសាលាអន្តរជាតិ Preston ដែលត្រូវគេប៉ាន់ប្រមាណ មានកុមារ និងមនុស្សពេញវ័យ បានមកពិនិត្យសុខភាព ជាង ៦០០ នាក់។ 
ទៀតសោតលោកស្រី Alicia Lim ប្រធាន អង្គការសេនចនប្រចាំកម្ពុជា និងជាថ្នាក់ដឹកនាំសណ្ឋាគារ អាផាតមិន Himawari បានមានប្រសាសន៍ថា «ការធានាថាប្រជាជនកម្ពុជាទាំងអស់ទទួលបានសេវាថែទាំសុខភាពល្អ តែងតែជាអាទិភាពចម្បងសម្រាប់ពួកយើងនៅ អង្គការសេនចនប្រចាំកម្ពុជា។ តាមរយៈការផ្តល់ការពិនិត្យភ្នែក និងធ្មេញ និងការបណ្តុះបណ្តាលការសង្គ្រោះបឋម ដល់កុមារ និងមនុស្សពេញវ័យនៅតាមតំបន់ជនបទ យើងសង្ឃឹមថានឹងមានឥទ្ធិពលវិជ្ជមានទៅលើសុខភាព និងសុខុមាលភាពទូទៅរបស់ពួកគេ។ យើងជឿជាក់ថា តាមរយៈការវិនិយោគលើសុខភាពកុមារកម្ពុជានាពេលបច្ចុប្បន្ននេះ យើងបាននឹងកំពុងជួយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ពួកគេ និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។ 

កម្មវិធីមួយនេះ កុមារ និងមនុស្សពេញវ័យបានទទួលការពិនិត្យភ្នែក គាំទ្រដោយគ្លីនិកភ្នែក ហ៊ូសេងភ្នំពេញ ក៏ដូចជាការអប់រំអំពីអនាម័យមាត់ ការពិនិត្យមាត់ធ្មេញ និងការព្យាបាលជាគោល ដែលផ្តល់ដោយក្រុមមន្ទីរពេទ្យទន្តសាស្ត្ររំចង់។ 

លើសពីនេះវ៉ែនតា ថ្នាំបន្តក់ភ្នែក ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ត្រូវបានចែកជូនដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ ការបណ្តុះបណ្តាលសង្គ្រោះបឋម ក៏ត្រូវបានផ្តល់ជូនដល់គ្រូបង្រៀន និងសិស្សវិទ្យាល័យផងដែរ។ 

ក្នុងនោះលោកនាយកសាលាក៏បានមានប្រសាសនិ៍ផងដែរថា «ខ្ញុំបានមើលឃើញដោយផ្ទាល់នូវឥទ្ធិពលវិជ្ជមានដែលបេសកកម្មមានមកលើសិស្សរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ។ ការពិនិត្យភ្នែក និងធ្មេញ និងការបណ្តុះបណ្តាលសង្គ្រោះបឋម ដែលផ្តល់ដោយអង្គការសេនចនកម្ពុជា និងអង្គការគាំទ្រផ្សេងទៀតទាំងអស់បានបង្កើននូវភាពរឹងមាំយ៉ាងខ្លាំងខ្លា និងគុណភាពនៃសុខុមាលភាពសម្រាប់សមាជិកនៃសហគមន៍របស់យើង។ ខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ពួកគេក្នុងការជួយកុមារ និងមនុស្សធំរបស់យើងនៅតាមតំបន់ជនបទ»។ 


 
បេសកកម្មនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសារក្រុមការងារដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ជាពិសេសអ្នករៀបចំដ៏សំខាន់ អ្នករៀបចំកម្មវិធី និងអ្នកស្ម័គ្រចិត្តប្រមាណ ១០០ នាក់មកពីសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) សមាគមភូមិខ្ញុំ មហាវិទ្យាល័យទន្តសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ, ក្រុមហ៊ុន TWPR ឱសថស្ថាន Point Sante កាពីតូល ទេសចរណ៍ និងដឹកជញ្ជូននិង Breadtalks កម្ពុជា បានពាំនាំ ការផ្តល់ជំនួយក្នុងផ្នែកវេជ្ជសាស្រ្ដ ការបកប្រែ ការសម្របសម្រួល ការគាំទ្រផ្នែករដ្ឋបាល ភស្តុភារ សុខុមាលភាព ការថែទាំធ្មេញ និងការគាំទ្រខាងសីលធម៌ដល់អ្នកដែលត្រូវការជំនួយ ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ជាលទ្ធិផលបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់ជីវិតប្រជាជនកម្ពុជាជាច្រើននាក់។ 

អង្គការសេនចន គឺជាអង្គការសប្បុរសធម៌អន្តរជាតិដ៏ល្បីមួយ ដែលផ្តល់ការសង្រ្គោះបឋម ការថែទាំសុខភាព និងសេវាកម្មគាំទ្រជាង ៤០ ប្រទេសទូទាំងពិភពលោក។ អង្គការសេនចនកម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ អង្គការសេនចនអន្តរជាតិ ហើយបានកំពុងខិតខំកែលម្អសុខភាព និងសុខុមាលភាពរបស់មនុស្សនៅទូទាំងពិភពលោក៕ 
 
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖ 
Ms. Naikeang Din 
PR & Media Director 
TWPR 
អ៊ីមែល៖ naikeang@twowaypr.com 
ទូរស័ព្ទ៖ +855 78 333 853

Share This Post: