បណ្តាក្រុមហ៊ុនឈានមុខគេរបស់អាល្លឺម៉ង់គាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍន៍អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា
Würth និង Bosch ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីល្បាញ បានធ្វើការគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ដោយបានផ្តល់នូវសំភារៈបណ្តុះបណ្តាល និងម៉ាស៊ីនទំនើបៗជាច្រើនសម្រាប់ ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះគឺ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED IV របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និង សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ (Arbeitskreis Deutsche Wirtschaft – ADW) ។
កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ RED គាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តជាច្រើន និងផ្តល់ជំនួយដល់មជ្ឈមណ្ឌលជាមួយអ្នកជំនាញការអាល្លឺម៉ង់។ លោក Stefan Hanselmann ប្រធាន RED បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ការឧបត្ថម្ភឧបករណ៍ ពីក្រុមហ៊ុន Würth និង Bosch គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញថាក្រុមហ៊ុនអាល្លឺម៉ង់អាចចូលរួមគាំទ្រយ៉ាងសកម្មដល់ការអប់រំវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ តម្រូវការសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការកើនទ្បើងផងដែរ»។


សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ ADW គឺជាចំណុចចាប់ផ្តើមដំបូងសម្រាប់បណ្តាក្រុមហ៊ុន និងឈ្មោះពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងក្នុងការចាប់ផ្តើមប្រទ្បូកក្នុងវិស័យផលិតកម្មចែកចាយ ឬ សេវាកម្ម។ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ADW ផ្តល់ជូននូវការយល់ដឹងទូលំទូលាយ និងការចូលទៅកាន់បណ្តាញរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចកម្ពុជាដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សដល់សមាជិក និងដៃគូរបស់ខ្លួន។ លោក Tassilo Brinzer ប្រធាននៃសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយដែលម្ចាស់ឧស្សាហកម្មឈានមុខគេទូទាំងពិភពលោក បានធ្វើការគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ ការបណ្តុះបណ្តាលអ្នកឯកទេសវ័យក្មេងនៅក្នុងវិស័យសំខាន់ៗដូចជា វិស័យរថយន្ត គឺជាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលវែង ដែលនឹងទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មកាន់តែច្រើន ស្របពេលដែលក្រុមហ៊ុនអាចស្វែងរកកម្មករដែលមានជំនាញ និងសមត្ថភាពច្បាស់លាស់។ យើងរំពឹងថានឹងមានភាពជាដៃគូកាន់តែច្រើននាពេលអនាគត។ ដូចនេះហើយទើបយើងបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូពាណិជ្ជកម្មរួមគ្នាជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) កាលពីឆ្នាំមុន»។
អំពីក្រុមហ៊ុន Bosch ៖
Bosh គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេលើពិភពលោក។ នៅក្នុងប្រទេសកម្ពុជា Bosch ផ្តល់ជូននូវគ្រឿងបន្លាស់សម្រាប់រថយន្ត និងទោចក្រយានយន្ត ឧបករណ៍សាងសង់រោងចក្រថាមពល ប្រព័ន្ធសំឡេង សុវត្ថិភាព និងសន្តិសុខសម្រាប់អគារ បច្ចេកវិទ្យា Drive and Control សម្រាប់គ្រប់គ្រងថាមពលម៉ាស៊ីន ក៏ដូចជាដំណោះស្រាយដ៏ឆ្លាតវៃជំនាន់ទី៤ សម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងឧស្សាហកម្ម។ លោក Phirum Hay ប្រធានក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ទស្សនវិស័យរបស់ក្រុមហ៊ុន Bosch ក្នុងការលើកកម្ពស់គុណភាពជីវិត បានពង្រីកការអនុវត្តអាជីវកម្មរបស់យើងទៅកាន់ការរីកចម្រើនផ្នែកសង្គម។ យើងមានសេចក្តីរីករាយក្នុងការគាំទ្រវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យហើយសង្ឃឹមថានេះជាការរួមចំណែកដល់ការផ្លាស់ប្តូរវិជ្ជមានក្នុងការអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្ត »។


អំពីក្រុមហ៊ុន Würth ៖
Würth គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងការផ្គត់ផ្គង់សម្ភារៈតភ្ជាប់ជាមួយផលិតផលជាង ១២៥,០០០មុខ និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ដ ការសាងសង់ ឧស្សាហកម្ម និងលោហៈធាតុ សម្រាប់ក្រុមហ៊ុនជាង ៤០០ ក្រុមហ៊ុន នឹងប្រទេសជាង ៨៤ប្រទេស ទូទាំងពិភពលោក។ ក្នុងនាមជាពាណិជ្ជកម្មគ្រួសារអាល្លឺម៉ង់ Würth បានកើនទ្បើង និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយផ្អែកលើគុណតម្លៃដូចជា ភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើសមាជិកគ្រួសាររបស់ខ្លួនដូចជា អតិថិជន និងបុគ្គលិកជាដើម។ លោក Tino Tep នាយកគ្រប់គ្រងក្រុមហ៊ុន Wurth ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «វាគឺជាបេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងការបណ្តុះបណ្តាលប្រកបដោយគុណភាព។ ការអប់រំ និងការបណ្តុះបណ្តាលជំនាញ គឺជាកត្តាជំរុញមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ និងការរីកចម្រើនសម្រាប់មនុស្សទូទាំងពិភពលោក។ នៅពេលយើងបានទទួលព័ត៌មានអំពីវិទ្យាស្ថានពហុបច្ចេកទេស ក្នុងខេត្តបន្ទាយមានជ័យ យើងជឿជាក់ថា វានឹងអាចផ្តល់ការអភិវឌ្ឍន៍ដល់យុវជនកម្ពុជាផងដែរ។ យើងមានមោទនភាពខ្លាំងណាស់ក្នុងការចូលរួមចំណែកកិច្ចការដ៏អស្ចារ្យមួយនេះ ដោយបានផ្តល់ជូនឧបករណ៏ដែលចាំបាច់ដើម្បីជាជំនួយបញ្ចេញនូវសក្តានុពលរបស់ប្រជាជនកម្ពុជា និងបើកផ្លូវសម្រាប់អនាគតដ៏ល្អប្រសើរ»។

អំពីសមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ក្នុងប្រទេសកម្ពុជា (ADW)
ADW ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ជាវេទិកាសម្រាប់សកម្មភាពរបស់សមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានរវាងសមាជិករបស់ខ្លួន និងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលក្រុមហ៊ុនកំពុងធ្វើការពិចារណាលើការធ្វើពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទាញបានផលប្រយោជន៍ពីបណ្តាញខាងក្នុង និងខាងក្រៅរបស់ ADW ។ នៅឆ្នាំ ២០១១ ADW ក៏បានចូលរួមផ្តួចផ្តើមបង្កើតឡើងនូវដំណើរការដើម្បីបង្កើត សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ហើយនៅឆ្នាំ ២០១៣ បានទទួលបានពានរង្វាន់ថ្នាក់ជាតិដំបូងគេ ដែលត្រូវបានបង្កើតឡើងនៅក្នុង EuroCham ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនអាល្លឺម៉ង់ចំនួន ៣៥ ជាសមាជិករបស់ ADW។
>> សម្រាប់ព័ត៌មានបន្ថែមអំពី ADW សកម្មភាពពាណិជ្ជកម្មអាល្លឺម៉ង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬផ្នែកកិច្ចសហប្រតិបត្តិការឯកជនជាមួយ GIZ សូមទំនាក់ទំនង៖
Mr. Tassilo Brinzer
t.brinzer@adw-cambodia.org
+855 (0)93 999 001
>> សម្រាប់ព័ត៌មានអំពីពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ សូមទំនាក់ទំនង៖
Ms. Bianca Untied
globalbusinessnetwork@adw-cambodia.org
+855 (0)89 290 492