អង្គការ JETRO និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA ) ណែនាំក្រុមហ៊ុនបច្ចេកវិទ្យាទំនើបចំនួន ៨ របស់ជប៉ុន ដែលជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
- BY
- Liny Chan
- August 12, 2023
(ភ្នំពេញ)៖ ដើម្បីធ្វើឱ្យខួបលើកទី៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី៥០ឆ្នាំ នៃមិត្តភាពរវាងអាស៊ាន- ជប៉ុន កាន់តែឱឡារឹក និងដើម្បីជាការរឹតបន្តឹងមិត្តភាពយូរអង្វែងនឹងគ្នាបន្តទៀត អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានសហការគ្នាជាមួយភាគីកម្ពុជាណែនាំ ក្រុមហ៊ុន ជប៉ុនចំនួន៨ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និងផ្កាយរណបដល់ក្រុមហ៊ុនឯកជនក្នុងស្រុក និងស្ថាប័នផ្សេងទៀត ដែលធ្វើការក្នុងការអភិវឌ្ឍវិស័យ កសិកម្មរបស់ប្រទេសកម្ពុជា។

សន្និសិទស្តីពីការសហការបង្កើតបណ្តាញទំនាក់ទំនង កម្ពុជា-ជប៉ុន ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យកសិកម្ម, ការតាមដានការបំភាយឧស្ម័ន, និង នវានុវត្ថន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និងផ្កាយរណប នេះបានធ្វើឡើយកាលពីព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានការចូលរួមពីសំណាក់ លោកស្រី Marisa Haruta ប្រធានតំណាង JETRO ភ្នំពេញ, ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងមកពីរដ្ឋាភិបាលកម្ពុជា អង្គការនានា និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជា ជាដើម។

តំណាងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនទាំង ០៨ ដែលក្នុងនោះរួមមាន AGRIBUDDY LIMITED, ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN), GREEN CARBON INC, NIPPON KOEI CO., LTD, SAGRI CO., LTD, SYNSPECTIVE INC, TENCHIjIN INC, and YANMAR AGRIBUSINESS CO., LTD.។ ក្រុមហ៊ុនជប៉ុនទាំង៨នេះ មានសមត្ថភាព និងមុខងារធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញ និងតាមដានការបំភាយឧស្ម័ន ការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិរក្សព្រៃឈើ បានមកធ្វើការចែករំលែក និងណែនាំអំពីសេវាកម្ម និងកម្មវិធីរបស់ពួកគេសម្រាប់ចលនាទៅរកភាពបៃតង ដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុតដល់កម្ពុជា៕

- Share This Post:






