ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្ដីបំភ្លឺ ជុំវិញបញ្ហាថ្នាក់ដឹកនាំខេត្ត ឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ

    BY Nisaiy KN October 22, 2023
    រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្ដីបំភ្លឺ ជុំវិញបញ្ហាថ្នាក់ដឹកនាំខេត្ត ឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ

    (ប៉ៃលិន)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីបំភ្លឺ ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩ ៩៨៥ ម៉ែត្រការ៉េ និងដីភ្នំសារ៉ាវ៉ាន ទំហំ ៤៦០០០០ ម៉ែត្រការ៉េ ព្រមទាំងដីភ្នំចេកទំហំ ១៦៦ ៨២៣ ម៉ែត្រការ៉េ មកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន និងបក្ខពួក។

    បានបញ្ជាក់ថា មានប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ , លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្ខពួកទៅក្រសួងមហាផ្ទៃ ដោយចោទថា បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩ ៩៨៥ ម៉ែត្រការ៉េ និងដីភ្នំសារ៉ាវ៉ាន ទំហំ ៤៦០០០០ ម៉ែត្រការ៉េ ព្រមទាំងដីភ្នំចេកទំហំ ១៦៦ ៨២៣ ម៉ែត្រការ៉េ មកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន និងបក្ខពួក។

    ពាក់ព័ន្ធករណីបណ្ដឹងនេះ រដ្ឋបាលខេត្តប៉ៃលិន បា​នច្រានចោលទាំងស្រុង និងសូមបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា ចំពោះករណីរឿងការផ្អាកសំណង់ និងរឿងដីផ្លូវសាធារណៈ រដ្ឋបាលខេត្តបានបំភ្លឺជូនសាធារណជនម្ដងរួចហើយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកករណី ចោទប្រកាន់លើថ្នាក់ដឹកនាំខេត្ត បានក្លែងបន្លំឯកសារ រំលោភយកដីទាំងបីទីតាំង ដែលបានលើក ឡើងខាងលើ រដ្ឋបាលខេត្តសូមបញ្ជាក់ថា ដីទាំងនេះគឺជាដីតំបន់កងទ័ព និងដីតំបន់ភ្នំ ដែលកន្លង មកជនខាងលើ និងបក្ខពួកបានកាប់ទន្ទ្រាន និងឈូសឆាយ ធ្វើជាដីឡូត៍លក់ឱ្យប្រជាពលរដ្ឋ ដោយខុសច្បាប់ ហើយ រដ្ឋបាលខេត្ត ចាត់វិធានការទប់ស្កាត់ ដើម្បីការពារ និងថែរក្សាទុកជាដីសម្បត្តិរបស់រដ្ឋ។

    រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមថា ចំពោះករណីដែលបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់ឈ្មោះ រឿន បុរី និង ជឹង យូគៀង និងបក្ខពួក គឺជាមេខ្លោងបង្កការញុះញង់ បង្កើតរឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបន្លំឯកសារមួលបង្កាច់ បង្កភាពវឹកវរ ធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿក្នុងការដឹកនាំរបស់រដ្ឋបាលខេត្ត និងប៉ះពាល់ដល់ កិត្តិយសសេចក្ដីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំខេត្ត។

    កន្លងមកបុគ្គលទាំងពីរនាក់ និងបក្ខពួក តែងតែប្រព្រឹត្តអំពើបែបនេះជាច្រើនលើកច្រើនសារ ជាមួយប្រជាពលរដ្ឋ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ផងដែរ៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

    Share This Post: