ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព

    BY Nisaiy KN November 12, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត។

    យោងតាម សារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ សម្ដេចធិបតី បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីជាសារក្រើនរម្លឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារៈសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ៩០% នៅឆ្នាំ២០២៣ និង ១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។

    រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យមានការកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្តប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។ នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្ដប់អនាម័យជនបទនៅព្រះរាជាណាចក្រកម្ពុជាបានកើនដល់ប្រមាណ៨៥%។លើសពីនេះខេត្តចំនួន ៦ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧ ៣៩៧ ឃុំចំនួន ៦៥៤ ស្រុកចំនួន ៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

    លើសពីនេះ វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ការចូលរួមសហការយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំងអំពីកម្រិតយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យផងដែរ។

    ជាចុងក្រោយសម្ដេចធិបតី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋនៅតំបន់ជនបទដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក៕



    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: