ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៤ឆ្នាំ នៅខេត្តកំពត

    BY Nisaiy KN November 26, 2023
    ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៤ឆ្នាំ នៅខេត្តកំពត

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ ៤ឆ្នាំ។

    ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្ដាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យសា្ថនប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។

    ក្រសួងបានបន្ថែមទៀតថា ករណីក្មេងស្រីខាងលើនេះមានផ្ទះនៅក្បែរករណីស្ដ្រីអាយុ ២១ឆ្នាំ ដែលបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទិ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានរកឃើញតាមរយៈការស្វែងរកសកម្ម នៅភូមិកើតហេតុ ដោយក្រុមឆ្លើយតបបន្ទាន់ចម្រុះពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប៉ូលីស។

    តាមការសាកសួរ បង្ហាញថា នាងបានកាន់មានងាប់ និងចាប់ផ្ដើមឈឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្ដៅ ក្អក និងចេញកន្ទួលក្រហម កុមារទទួលការព្យាបាលដោយផ្ដល់ឱសថម៊ីហ្លូ (Tamiflu) និងត្រូវបានបញ្ចូនមកពិនិត្យព្យាបាលនិងថែទាំបន្ដនៅមន្ទីរពេទ្យខេត្តកំពត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

    ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី (H5N1) នៅតែបន្ដគំរាមកំហែង៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: