ក្រុមហ៊ុន យូនីលឹវើ ពង្រឹងការប្ដេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា ជាមួយការសម្ពោធការិយាល័យថ្មី និងអបអរសាទរខួប 20ឆ្នាំនៃដំណើរការដោយជោគជ័យ
- BY
- Liny Chan
- December 6, 2023
ភ្នំពេញ ថ្ងៃទី6 ខែធ្នូ ឆ្នាំ2023៖ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលទំនិញប្រើប្រាស់រហ័សឈានមុខគេ បានប្រារព្ធខួប 20 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាច្រកកម្ពុជា និងបានសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី5 ខែធ្នូ ដោយមានការចូលរួមពីសំណាក់លោកស្រី Annemarieke de Haan ប្រធានគ្រប់គ្រងផ្នែកផលិតផលថែទាំគេហដ្ឋាននៃក្រុមហ៊ុន យូនីលឹវើ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយិកាក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅការិយាល័យថ្មីរបស់ខ្លួននៅអាគារ Morgan Tower ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា។

ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីជម្រុញការប្រាស្រ័យទាក់ទង ការសហការ ភាពច្នៃប្រឌិត និងការងារជាក្រុមសម្រាប់បុគ្គលិករបស់ខ្លួន។ ជាមួយនឹងកន្លែងធ្វើការបែបបើកចំហ បរិក្ខារ និងបច្ចេកវិទ្យាទំនើបៗ ការិយាល័យនេះមានគោលបំណងបំផុសគំនិតច្នៃប្រឌិត លើកកម្ពស់វប្បធម៌នៃឧត្តមភាព និងកិច្ចសហការរវាងបុគ្គលិក។

លោកស្រី Annemarieke de Haan ប្រធានគ្រប់គ្រងផ្នែកផលិតផលថែទាំគេហដ្ឋាននៃក្រុមហ៊ុន យូនីលឹវើ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយិកាក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសថៃបានសម្តែងការសាទរចំពោះការិយាល័យថ្មី និងអនាគតរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដោយមានប្រសាសន៍ថា៖ “ការិយាល័យថ្មីនេះតំណាងឱ្យវឌ្ឍភាពមួយសម្រាប់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ខណៈដែលយើងកំពុងបន្តវិនិយោគនិងអភិវឌ្ឍន៍ទីផ្សារកម្ពុជាឱ្យកាន់តែរីកចម្រើន ដោយប្តេជ្ញាផ្តល់នូវផលិតផលគុណភាពខ្ពស់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ព្រមទាំងមានផលជាវិជ្ជមានដល់សង្គម និងបរិស្ថាន”។

ឆ្នាំនេះក៏ជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដែលក្រុមហ៊ុនបានប្រារព្ធខួប 20ឆ្នាំនៃប្រតិបត្តិការអាជីវកម្មដោយជោគជ័យនៅក្នុងព្រះរាជាណាច្រកកម្ពុជា។ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា បានដើរតួនាទីយ៉ាងសំខាន់ដោយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតឱកាសការងារដោយផ្ទាល់សម្រាប់បុគ្គលិកជាង 160នាក់ និងដោយប្រយោលប្រមាណ 3,600 នាក់។

គំនិតផ្តួចផ្តើមដ៏គួរឱ្យកត់សម្គាល់មួយរបស់ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា គឺកម្មវិធីអប្សរា ដែលផ្តល់ឱកាសការងារដល់ស្ត្រីឱ្យធ្វើការផ្នែកលក់នៅជិតផ្ទះរបស់ពួកគេ ដោយពុំចាំបាច់ធ្វើចំណាកស្រុកទៅកាន់ បណ្ដាខេត្តទីក្រុង ឬ ប្រទេសជិតខាង ហើយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ចំពោះឧត្តមភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។ តួយ៉ាងក្រុមហ៊ុនត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធខ្ពស់ជាងគេលំដាប់ទី 17 នៅកម្ពុជាក្នុងឆ្នាំ 2022 ហើយត្រូវបានផ្តល់វិញ្ញាបនបត្រធុរជនល្អបំផុត (Best Trader) 8 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2015។ អស់រយៈពេល 6 ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនបានទទួលពានរង្វាន់ និយោជកឆ្មើមក្នុងប្រទេសកម្ពុជាពីវិទ្យាស្ថាននិយោជក (The Employer Branding Institute)។ ការទទួលស្គាល់ទាំងអស់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកម្ពុជា។

លោក Doy Concha នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវបានបន្ថែមថា៖ “យើងមានមោទនភាពដែលបានក្លាយជាចលករមួយនៃទីផ្សារកម្ពុជាអស់រយៈពេល 20ឆ្នាំកន្លងមក ហើយយើងរំភើបចំពោះឱកាសដែលនៅពីមុខពួកយើង ហើយនឹងបន្តវិនិយោគលើការអភិវឌ្ឍន៍ធនធានទេពកោសល្យ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា។”

លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងអំណរគុណចំពោះក្រុមការងារ ដោយមានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។ ខ្ញុំមានទំនុកចិត្តថាជាមួយនឹងការិយាល័យថ្មីរបស់យើង យើងនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់ពួកយើង និងជម្រុញកំណើនអាជីវកម្មប្រកបដោយចីរភាពនៅក្នុងទីផ្សារប្រទេសកម្ពុជា”។

ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា តែងតែនាំមុខគេក្នុងការគាំទ្ររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩កន្លងមក។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន បានបរិច្ចាកផលិតផលអាហារសំខាន់ៗ ផលិតផលអនាម័យប្រើប្រាស់ប្រចាំថ្ងៃ និងឧបករណ៍ជំនួយដង្ហើម ដែលមានតម្លៃសរុបជាង 800 លានរៀល ឬ $200,000 ដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា ហើយយើងនៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់យើងក្នុងការបង្កើតអនាគតដ៏ត្រចះត្រចង់ ជាមួយការផ្តល់ផលិតផលប្រកបដោយគុណភាព និងនិរន្តរភាព ព្រមទាំងបង្កើតឱ្យមានផលជាវិជ្ជមានដល់សង្គម។
អាស័យដ្ឋានការិយាល័យថ្មីរបស់យើងស្ថិតនៅអគារ ម៉ហ្គេន ជាន់ទី១៥ លេខ៣៨៨ ទីក្រុងកោះពេជ្រ ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/UnileverCambodia1.






- Share This Post:






