អនុប្រធានសហព័ន្ធចំបាប់កម្ពុជា៖ អត្តពលិកកម្ពុជាមានគុណភាពបច្ចេកទេសខ្ពស់ជាងមុន ក្នុងនាមជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍
(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍គូសបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ កីឡាករ កីឡាការិនីកម្ពុជាបង្កើនបានគុណភាពបច្ចេកទេសខ្ពស់ៗជាងពេលមុនៗ។

លើសពីនេះ នៅក្នុងឱកាសព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក ខេស៊ី បាណេត បានកត់សម្គាល់ឃើញថា ការកើនឡើងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា គឺចាប់តាំងពីអំឡុងហ្វឹកហាត់ត្រៀម និងប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ព្រមទាំងបានចូលរួមប្រកួតជើងឯកអាស៊ីអាយុក្រោម២២ឆ្នាំ ឆ្នាំ២០២៣ ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ផងនោះ ទើបលោកបានឃើញពីសិទ្ធផលរបស់ក្រុមជម្រើសជាតិកាន់តែមានគុណភាពគួរឱ្យគត់សម្គាល់ នៅក្នុងការប្រកួតជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ នៅកម្ពុជាម្តងទៀត នាពេលនេះ។
ជាមួយនឹងមើលឃើញពីគុណភាពបច្ចេកទេសកាន់តែប្រសើរបែបនេះ លោក ខេស៊ី បាណេត បានចាត់ទុកបែបថា «នេះគឺជាការបោះជំហានទៅរកគោលដៅសំខាន់បន្ទាប់ គឺស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្រៅពីនេះ គឺយើងផ្តោតទៅលើការអភិវឌ្ឍធនធានយុវជនកីឡាចំបាប់ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី០៥ នាឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ នៅក្នុងការប្រកួតជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ គឺយើងមានយុវជនកម្ពុជាច្រើនបានចូលរួមប្រកួតប្រជែង ដើម្បីសម្រួចគោលដៅចម្បង នាឆ្នាំ២០២៩ខាងមុខនេះ»។
បន្ថែមពីលើនេះ លោក ខេស៊ី បាណេត មានប្រសាសន៍ទៀតថា សហព័ន្ធកីឡាចំបាប់កម្ពុជានឹងផ្តោតលើការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីវ័យក្មេង ចន្លោះអាយុ១២ឆ្នាំដល់១៨ឆ្នាំ ដោយកីឡាករម្នាក់អាចមានជំនាញច្បាស់លាស់ គឺត្រូវចាប់ផ្តើមបណ្តុះការហ្វឹកហាត់ចាប់ពីវ័យ១១ដល់១២ឆ្នាំឡើង ទើបអាចស្រូបជំនាញបានល្អ។ ដូច្នេះចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៩ សហព័ន្ធកីឡាចំបាប់កម្ពុជានឹងយកចិត្តទុកដាក់ខ្ពស់លើការបង្វឹកដល់យុវជន ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយ (រយៈពេល៣ថ្ងៃ) សរុប៣៦គ្រឿង ក្នុងនោះមានមេដាយមាស២គ្រឿង មេដាយប្រាក់២០គ្រឿង និងមេដាយសំរឹទ្ធ១៤គ្រឿង។ ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ១ គ្រប់គ្រងដោយប្រទេសវៀតណាម, លេខ២ ថៃ, លេខ៣ កម្ពុជា, លេខ៤ ហ្វីលីពីន លេខ៥ សិង្ហបុរី ខណៈអត្តពលិកឥណ្ឌូណេស៊ី និងឡាវមិនទាន់ដណ្តើមបានមេដាយមាសនៅឡើយ បានត្រឹមមេដាយប្រាក់ និងសំរឹទ្ធដូចគ្នា។ ព្រឹត្តិការណ៍នេះមាន៧ប្រទេសចូលរួម និងមានកីឡាករ កីឡាការិនីសរុបចំនួន ២៧៦នាក់៕



ប្រភព៖ ក្រសួងព័ត៌មាន