ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយចប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខពីរនៃតារាងមេដាយសរុប

    BY Nisaiy KN December 10, 2023
    ក្រោយចប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខពីរនៃតារាងមេដាយសរុប

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា “ព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី០៤ ដល់ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីម៉ោង៤ល្ងាចម្សិលមិញ ដោយកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខពីរនៃតារាងមេដាយសរុប”។

    ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២៣ ដែលមានកម្រិតយុវជនអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមពេញវ័យខាងលើ គឺវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង (មាស ៦៩, ប្រាក់ ១៤ និងសំរឹទ្ធ ១) ខណៈកម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៤៨គ្រឿង (មាស ៤ ប្រាក់ ២៧ និងសំរឹទ្ធ ១៧)។ ចំណែកក្រុមថៃ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦)។

    គួររំលឹកផងដែរថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ឆ្នាំ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៤៨គ្រឿង ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីវៀតណាម ដែលដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង។

    ក្រោយចប់ការប្រកួត បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្ងើចសរសើរ ចំពោះការទទួលបដិសណ្ឋារកិច្ច និងការរៀបចំការប្រកួតស្របតាមស្ដង់ដារអន្ដរជាតិ។ ការណ៍នេះ នាំឲ្យពួកគេសប្បាយចិត្ត និងស្នើឲ្យកម្ពុជាបន្ដធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះជាបន្ដបន្ទាប់ទៀតនាឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍៕






    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Wrestling Federation of Cambodia

    Share This Post: