ឪពុកម្តាយជាគ្រូដ៏ល្អសម្រាប់កូនៗនៅផ្ទះ!
- BY
- Liny Chan
- December 12, 2023
“ខ្ញុំទទួលស្គាល់ថា ការងារមើលថែកូនៗ ពិតជាមិនមែនជារឿងងាយស្រួល ហើយពិសេសបើចង់ឲ្យពួកគាត់រីកចំរើនលូតលាស់ក្លាយជាមនុស្សល្អ មានគុណភាព ជាពលរដ្ឋល្អ ឬពលរដ្ឋសកលទៀតនោះ កាន់តែពិបាកមួយកម្រិតថែមទៀត ព្រោះតម្រូវឲ្យយើងជា មាតាបិតាមានការតាំងចិត្តខ្លាំងខ្លា ការលះបង់ និងបន្តរៀនសូត្រ ចំណេះដឹងថ្មីៗ ពីការចិញ្ចឹមនឹងអប់រំកូន។” នេះជាការលើកឡើងរបស់ ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីកិច្ចជំនួបសមាជិកប្រចាំឆ្នាំ សម្រាប់កម្មវិធីសិក្សាជំនួយមាតាបិតា SPA Programme និងបើកសម្ពោធសាខាថ្មីរបស់សាលាស៊ីជីដាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ប្រាក់ កុសល បានបន្តថា ឪពុកម្តាយជាគម្រូ ដែលកូនៗរៀនសូត្របានពីកុមារភាព ព្រោះកុមារនឹងត្រាប់តាមគម្រូទាំងការនិយាយស្តី ការទំនាក់ទំនង របៀបរស់នៅ ការដោះស្រាយបញ្ហា វប្បធម៌ ការដឹកនាំ និងការរៀបចំវិន័យគ្រួសារជាដើម។ ឯកឧត្តម បញ្ជាក់បន្ថែមថា កូនល្អ និងមានគុណភាពផ្តើមចេញពី មាតាបិតា តាំងចិត្ត និងប្រែក្លាយជាអ្នករៀនសូត្រ ដើម្បីក្លាយទៅជាគ្រូ អាចជួយកូនៗបាន ពិសេសក្នុងដំណាក់កាលសំខាន់ទាំងពីរ គឺអំឡុងពេលក្នុងពោះ និងក្រោម៣ឆ្នាំនេះ គឺកុមារនៅផ្ទះនៅឡើយ។

លោកស្រីសរ ម៉ុន្ថា នាយិកានៃមណ្ឌលអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានលើកឡើងថា ការអប់រំកូនៗ ឲ្យក្លាយជាមនុស្សពូកែ មានគុណភាពសម្រាប់ស.វទី២១ នេះ គឺតម្រូវឲ្យមានការចូលរួម និងយកចិត្តទុកដាក់ ពីសំណាក់ឪពុកម្តាយ តាំងពីនៅក្នុងផ្ទៃ និងអនុវត្តវីធីសាស្ត្របន្ថែមជាមួយកូនៗនៅផ្ទះ។ ហើយស៊ីជីដាកម្ពុជា តែងតែរៀបចំសិក្ខាសាលាជាមួយមាតាបិតាលើប្រធានបទផ្សេងៗជុំវិញវិធីសាស្ត្រនៃការអប់រំ និងចិញ្ចឹមបុត្រធីតា ដើម្បីជួយឲ្យពួកគាត់ក្លាយជាគ្រូដ៏ល្អរបស់កូនៗនៅផ្ទះ ព្រោះឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការជំរុញភាពវៃឆ្លាត និងការលូតលាស់របស់កូនៗ។

លោកស្រី សរ ម៉ុន្ថា បានបន្តថា បន្ថែមពីវិធីសាស្ត្រអប់រំរបស់ស៊ីជីថា ឪពុកម្តាយ គួររៀនសូត្រពីចំណេះដឹងផ្នែកវិទ្យាសាស្រ្តខ្លះបន្ថែមទៀត ដូចជាដំណាក់កាលលូតលាស់ខួរក្បាល ការអប់រំបែបវិជ្ជមាន និងគិតគូរពីរបបអាហារ ហើយក៏ត្រូវថែទាំកូនៗតាមបែប វេជ្ជសាស្ត្រ ដែលរួមមានការចាក់វាក់សាំង និងតាមដានពិនិត្យសុខភាពជាប្រចាំ ហើយក៏ត្រូវគាំទ្រផ្នែកចិត្តសាស្ត្រ និងយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់់កុមារតូចផងដែរ។

រហូតមកទល់នឹងពេលនេះ ស៊ីជីដាកម្ពុជា បានជួយផ្តល់ការអប់រំដល់កុមារតូចជិត ៥០០នាក់ ដែលក្នុងនោះមានឪពុកម្តាយជាច្រើនរយនាក់ក៏បានមកសិក្សាផ្ទាល់ជាមួយកូនៗរបស់ពួកគាត់ដែរ។ បន្ថែមពីនេះកម្មវិធី SPA Program ក៏ទទួលបានសមាជិកចំនួន ៥០០នាក់ផងដែរ ហើយ ស៊ីជីដាក៏មានកម្មវិធីមួយទៀត គឺ សុខមាលភាពមាតានិងទារក ដែលមានចំនួន ៤៥នាក់។
កម្មវិធីនេះត្រូវបានបង្កើតឡើងដោយលោកសាស្រ្តាចារ្យ Makoto Shichida ក្នុងឆ្នាំ1978។ តាមរយៈលទ្ធផលស្រាវជ្រាវ បានបង្ហាញឱ្យដឹងថា វិធីសាស្រ្តនៃការអប់រំស៊ីជីដា “SHICHIDA Method” គឺជាកម្មវិធីសំខាន់ ដែលជាវិធីសាស្រ្តនៃការអប់រំបណ្តុះបណ្តាលខួរក្បាលទាំងសងខាង ជាពិសេសផ្តោតទៅលើការលើកទឹកចិត្ត និងបណ្តុះទេពកោសល្យរបស់កុមារ។ បច្ចុប្បន្នមណ្ឌលអប់រំកុមារតូច ស៊ីជីដា មានជាង ៤៦០កន្លែង នៅប្រទេសជប៉ុន និងជាង ៣០កន្លែងផ្សេងទៀតនៅលើពិភពលោក ដូចជាអាស៊ី អូស្រ្តាលី និងអឺរ៉ុបជាដើម។ ស៊ីជីដា កម្ពុជា បច្ចុប្បន្នមានសាខាចំនួន២ គឺនៅសាខា ប៉េងហួតបឹងស្នោ និងសាខា ទួលគោក ហើយទទួលបានអាជ្ញាបណ្ណពីវិទ្យាស្ថានអប់រំ ស៊ីជីដា ប្រទេសជប៉ុន និងពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ។

ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទាក់ទង៖
❖ អាសយដ្ឋាន៖ #០៨ ផ្លូវ ០២ បុរីប៉េងហួត ដឹស្តាផ្លាទីនឹមបឹងស្នោ(គម្រោងទី១)
សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
❖ គេហទំព័រ៖ www.shichidakh.com ឬហ្វេសប៊ុក៖ https://www.facebook.com/Shichida Cambodia/
❖ ទូរសព្ទ៖ 023-900-916/012-442-145


- Share This Post:






