និស្សិតអាហារូបករណ៍ម្នាក់ សម្ដែងការអបអរសាទរចំពោះដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន
- BY
- Liny Chan
- December 19, 2023
កញ្ញា រុិន សុធីប ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី៣ ក្រោយទទួលបានអាហារូបករណ៍សិក្សាឥតថ្លៃពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីសម្ដែងនូវការអបអរសាទរចំពោះដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន។

តាមរយៈវីដេអូ និស្សិតឆ្នើមរូបនេះបានបង្ហាញនូវអារម្មណ៍រំភើប ដែលបានឃើញមន្រ្តីជាន់ខ្ពស់ ក៏ដូចជាប្រជាពលរដ្ឋ និងនិស្សិតខ្មែរជាច្រើន ដែលបានរង់ចាំទទួលស្វាគមន៍ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែថ្នាក់ដឹកនាំបានព្យាយាម ខិតខំ ប្រឹងប្រែង អភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះដែរ កញ្ញា រុិន សុធីប យល់ឃើញថា សម្រាប់ដំណើរទស្សនកិច្ចមួយនេះ បើទោះបីជាមានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំបានចំណាយពេលយ៉ាងមានតម្លៃជាមួយនឹងប្រតិភូ ក៏ដូចជាមន្រ្តីជាន់ខ្ពស់ និងក្រុមហ៊ុនផ្សេងៗ នៅប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ ធ្វើជំនួញ ក៏ដូចជាព្យាយាមពង្រីកនូវទំនាក់ទំនងជាមួយនឹងប្រទេសជប៉ុនផងដែរ ហើយមិនតែប៉ុណ្ណោះគាត់ក៏បានចំណាយពេលយ៉ាងមានតម្លៃជាមួយនឹងសហគមខ្មែរនៅប្រទេសជប៉ុន ដើម្បីសួរសុខទុក្ខ ដូចជាការរស់នៅ ការធ្វើការ ជាក់ស្ដែងឃើញមានប្រជាពលរដ្ឋជាច្រើនដែលគាត់ស្រលាញ់ប្រទេសជាតិ ស្រលាញ់ថ្នាក់ដឹកនាំ ចង់ចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីអភិវឌ្ឍប្រទេសជាតិ ការពារនូវសន្តិភាព ជាមួយនឹងគ្នា មិនមែនមានគំនិតអវិជ្ជមាន ទៅលើថ្នាក់ដឹកនាំ ក៏ដូចជាប្រទេសជាតិ។
បន្ថែមពីនេះ កញ្ញា រុិន សុធីប បង្ហាញនូវក្ដីរំភើបបន្ថែមថា សម្រាប់យើងជាប្រជាពលរដ្ឋខ្មែរ មិនថារស់នៅប្រទេសកម្ពុជា ក៏ដូចជា រស់នៅប្ររទេសជប៉ុនទេ គឺពួកយើងស្រលាញ់ប្រទេសជាតិ ចូលរួមជាមួយថ្នាក់ដឹកនាំ ក្នុងការការពារប្រទេសជាតិ ក៏ដូចជាការពារនូវសន្តិភាពទាំងអស់គ្នា៕


- Share This Post:






