ស្នងការរាជធានីភ្នំពេញ ប្រកាសឱ្យម្ចាស់រថយន្តបង្កម៉ាក Toyota Rally ដែលបើកបុកម៉ូតូ បណ្ដាលឱ្យបាត់បង់ជីវិតម្នាក់ និងរងរបួស២នាក់ នៅផ្លូវ៦០ម៉ែត្រ ចូលខ្លួនមកជាបន្ទាន់
- February 13, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសឱ្យម្ចាស់រថយន្តបង្កម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរងរបួស ស្រាល ចំនួន០២នាក់ និងស្លាប់បាត់បង់ជីវិត ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវចូលខ្លួនដោះស្រាយ និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃខែដដែល អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទី រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់បាត់បង់ជីវិតក្មេងស្រីចំនួន ០១នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយ ដើម្បីប្រមូលភស្ដុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕







- Share This Post:






