សមត្ថកិច្ច រកឃើញរថយន្តបង្កម៉ាកToyota ដែលបើកបុកម៉ូតូ បណ្ដាលឱ្យរងរបួស ២នាក់ និងបាត់បង់ជីវិតម្នាក់ ត្រូវបានជនបង្កចតប្លុងចោលនៅមុខអាគារបុរីមួយកន្លែង លើផ្លូវ ៦០ម៉ែត្រ
- February 13, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច ស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូ បណ្ដាលឱ្យរងរបួស ស្រាល ចំនួន០២នាក់ និងស្លាប់បាត់បង់ជីវិត ក្មេងស្រីម្នាក់ ត្រូវបានជនបង្កចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩៖០៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរងរបួស ស្រាល ចំនួន០២នាក់ និងស្លាប់បាត់បង់ជីវីត ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ត្រូវបានជនបង្កចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកអ្នកបើកបរបង្ក សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ សូមឱ្យអ្នកបើកបរបង្កចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕





- Share This Post:






