ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកិច្ចការនារី អំពាវនាវកុំយកថ្ងៃទី១៤ កុម្ភៈ «ទិវានៃក្តីស្រឡាញ់» ប្រព្រឹត្តទង្វើពុំគួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ

    BY Khmernote Media February 13, 2024
    ក្រសួងកិច្ចការនារី អំពាវនាវកុំយកថ្ងៃទី១៤ កុម្ភៈ «ទិវានៃក្តីស្រឡាញ់» ប្រព្រឹត្តទង្វើពុំគួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវ ដោយកុំយកថ្ងៃទី១៤ កុម្ភៈ ជាទិវានៃក្តីស្រឡាញ់ ទៅប្រព្រឹត្តសកម្មភាព ដែលពុំគួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

    ក្រសួង បានគូសបញ្ជាក់ថា កន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថាមានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយ ចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជា ទិវានៃក្ដីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ ប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។

    ក្រសួងកិច្ចការនារី សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានៃក្តីស្រឡាញ់ នេះ។

    ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូន កូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ សំដៅឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានា ក្នុងសង្គម ក្នុងន័យរួមគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ ៕

    ប្រភព៖ Ministry of Women’s Affairs of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay