ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ មិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួនឡើយ

BY
Khmernote Media
February 15, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ​ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤​ ក៏ដូចជាប្រធានផ្សារទាំង២៥ មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ នៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។​ ការដាក់បទបញ្ជានេះ​ ត្រូវបានលេីកឡេីងដោយឯកឧត្តម​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។

ឯកឧត្តម​ ឃួង ស្រេង បានលើកឡើងថា៖ ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនិងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឲ្យមានទៀតទេ។

ឯកឧត្តម​ ឃួង ស្រេង បានបន្តទៀតថា តាមជុំវិញ ផ្សារ សាលារៀន គឺមិនអោយមានដាច់ខាតចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្រ្កាបភ្លាមតែម្តង។

បន្ថែមពីនេះទៀត ឯកឧត្តម​ ឃួង ស្រេង បានជម្រុញអោយបន្តបង្កេីត​ Group Telegram ក្រុមការងារត្រួតពិនិត្យ​ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ​ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូន អភិបាលរាជធានីភ្នំពេញ។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងខណ្ឌទាំង១៤​ ត្រូវរៀបចំប្រជុំបន្ទាន់​ ដេីម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ​ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់​ ទីតាំងដែលមានអាជ្ញាបណ្ណពី​ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ​ ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង​ ត្រូវរង់ចាំដល់ផុតសុពល​ រួចចុះបិទដែរបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង​ និងចេញលិខិតអនុញ្ញាតទីតាំងថ្មី​។

គួរបញ្ជាក់ថា៖ តាមរយៈសារជាសំឡេង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេច បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។
ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: