រសៀលនេះ ឯកឧត្តម គួច ចំរើន និងស្នងការខេត្តព្រះសីហនុ នឹងធ្វើសន្និសិទកាសែត ពាក់ព័ន្ធនឹងជនជាតិចិន ២នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីផ្សំគំនិតគ្នាបង្កើតវីដេអូប្រឌិតរឿងមានខ្មោ-ច ប៉ះពាល់កិត្តិយស ក្នុងខេត្តព្រះសីហនុ
- February 15, 2024
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រសៀលម៉ោង ២៖០០នាទីនេះ ឯកឧត្តម គួច ចំរើន និងឯកឧត្តម ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសិទកាសែត ពាក់ព័ន្ធនឹងជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនបន្ទាប់ពីពួកគេផ្សំគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតរឿងមានខ្មោច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។

យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ជនជាតិចិនទាំង ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ប្រឌិតរឿងមានខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឱ្យយ៉ាងខ្លាំងនៅខេត្ដទេសចរណ៍មួយនេះ។ ជនជាតិចិនទាំង ២នាក់នេះ ធ្វើវីដេអូនេះឡើង ក្នុងគោលបំណងដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ឱ្យមានអ្នកចូលមើល ឬដើម្បីទទួលបាន View ច្រើនតែប៉ុណ្ណោះ តែជាក់ស្តែងមិនមានហេតុការណ៍នេះកើតឡើងឡើយ។ ក្រោយចាប់ខ្លួនជនជាតិចិន កម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ។
សូមជម្រាបជូនថា នៅរសៀលម៉ោង ២៖០០នាទីនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសិទកាសែត ពាក់ព័ន្ធនឹងបុគ្គល ជនជាតិចិន ករណីប៉ះពាល់ដល់កិត្តិយសខេត្ត ក៏ដូចជាប្រទេសកម្ពុជាផងដែរ ៕





ប្រភព៖ freshnews
- Share This Post:






